ភ្នំពេញ៖ ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦នៅព្រឹកថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ ដោយមានរបៀបវារៈសំខាន់ចំនួន៤។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ដែលបានធ្វើឡើងតាមប្រព័ន្ឋវីដេអូ (Zoom) ជាលទ្ធផល សម័យប្រជុំរដ្ឋសភាលើកទី៧នេះនឹងមានរបៀបវារៈសំខាន់ចំនួន៤ រួមមាន ការអានព្រះរាជសាររបស់ព្រះមហាក្សត្របើកកិច្ចប្រជុំ បន្ទាប់មកសភានឹងពិនិត្យរបាយការណ៍សង្ខេបស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៦ និងលើកទី៧ នីតិកាលទី៦ បោះឆ្នោតជ្រើសតាំង លោក អ៊ុជ គឹមអន ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ ៩ឆ្នាំ និងចុងក្រោយគឺពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹក ថ្ងៃទី២៥ ខែមីនានេះ គណៈអចិន្ត្រៃយ៍សភាក៏បានអនុម័តផងដែរ លើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ចំនួន ៣រូប រួមមានលោក សត្យា វុធ លោក សុខ ផេង និងលោក សេរី កុសល៕










