កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញពីការបារម្ភប្រសិនជាប្រទេសរុស្ស៊ី ដែលអ្នកផលិតប្រេងធំមួយក្នុងលោកឈប់ ឬផ្អាកផលិតប្រេងលក់នោះតម្លៃប្រេងអន្តរជាតិនឹងគ្រប់គ្រងលែងបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋទូទាំងពិភពលោក ខណៈក៏បង្ហាញនូវការបារម្ភពីសង្ក្រាមនុយក្លេអ៊ែរផងដែរ។
សម្ដេចតេជោ ថាឥទ្ធិពលអាក្រក់ពីសង្គ្រាម រុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យប៉ះពាល់ដល់ពិភពលោកជាពិសេសគឺតម្លៃប្រេងដែលបច្ចុប្បន្នគ្រប់គ្រងលែងបានហើយ។
ស្របពេលដែលកម្ពុជានឹងចូលដល់ការបារម្ភពិធីបុណ្យចូលឆ្នាំទៀតនោះការឡើងថ្លៃប្រេងក៏ធ្វើឱ្យការធ្វើដំណើរកម្សាន្តរបស់ពលរដ្ឋមិនសូវជាស្រួលចិត្តប៉ុន្មាននោះទេ។
កាលពីថ្ងៃទី១៨ ខែមីនា សម្ដេចតេជោបានបង្ហើបថា រាជរដ្ឋាភិបាលកំពុងតាមដានករណីរុស្ស៊ី-អ៊ុយក្រែន «ដើម្បីរៀបចំគោលនយោបាយ និងដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់ឱ្យទាន់ពេលវេលា»។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ពីការចាប់ផ្តើមប្រតិបត្តិការយោធាដោយភាពចាំបាច់ជាបន្ទាន់ដើម្បី «ធ្វើឱ្យអ៊ុយក្រែនគ្មានយោធា» ដើម្បីការពារសាធារណរដ្ឋ Donbass និងដើម្បីធានាថា រុស្ស៊ីនឹងមិនត្រូវបានដាក់នៅក្រោមការគំរាមកំហែងដោយណាតូពីទឹកដីអ៊ុយក្រែន។
ការឈ្លានពានលើប្រទេសអ៊ុយក្រែនពីសំណាក់ប្រទេសរុស្ស៊ីបានធ្វើឱ្យលោកខាងលិចដែលដឹកនាំដោយសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ហើយជាចុងក្រោយបានដាក់ទណ្ឌកម្មលើថាមពលដែលជាប្រភពចំណូលសំខាន់នៃប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មនេះហើយដែលធ្វើឱ្យវិបត្តិនៅប្រទេសអ៊ុយក្រែនកំពុងសាយភាពជុំវិញពិភពលោក ដោយសារតម្លៃប្រេងឥន្ទនៈបានបន្តឡើងជាបន្តបន្ទាប់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពប្រជាជន។
PHOTO: EAC NEWS