
អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីកសិកម្ម ១ថ្ងៃបន្ទាប់ពីសម្ដេចតេជោប្រតិកម្មរឿងបទល្មើសនេសាទ
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី ការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ។
កិច្ចប្រជុំធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញប្រតិកម្មធ្ងន់ៗលើកម្សោយការអនុវត្តច្បាប់របស់អាជ្ញាធរលើបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាប។
កាលពីម្សិលមិញក្នុងពិធីបិទសន្និបាតការងាររបស់ក្រសួងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសអភិបាលខេត្តជុំវិញបឹងទន្លេសាប រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងមួយចំនួនទៀតដែលខ្សោយក្នុងការបង្ក្រាបបទល្មើសនេសាទ។ សម្ដេចនិយាយខ្លាំងៗដោយប្រាប់ឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីពាក់ព័ន្ធទាំងនោះឱ្យចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបបាន។ សម្ដេចយល់ថា រឿងនេះជារឿងដែលតិចតួចបំផុតមិនគួរណាអភិបាលខេត្ត ឬរដ្ឋមន្ត្រីធ្វើមិនចេញនោះទេ៕