ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលមិនអាចធ្វើច្បាប់ជលផលថ្មីចេញ ដោយថាសម្ដេចបានបញ្ជាឱ្យធ្វើច្បាប់នេះជាច្រើនហើយតែនៅតែគ្មានលទ្ធផល។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យក្រសួងកសិកម្មឱ្យមានសកម្មភាពលើវិស័យជលផលឱ្យបានខ្លាំងក្លា ខណៈសម្ដេចឆ្ងល់ថាហេតុអ្វីបានជាច្បាប់បជលផលនៅតែមិនទាន់ធ្វើចេញទៀតនៅពេលនេះ។
សម្ដេចតេជោថា៖ «ច្បាប់ជលផលរហូតមកដល់ពេលនេះនៅអត់ទាន់ធ្វើចេញ! ខ្ញុំនៅចាំថាតាំងពីទៅព្រលែងកូនត្រីនៅឯទន្លេវ៉ៃកូ ស្វាយរៀងនោះរហូតមកដល់ពេលនេះធ្វើវាមិនចេញមកពីពួកអស់លោកមិនព្រមធ្វើ។ ក្រសួងកសិកម្មមួយមានខ្សែរយៈដល់ទៅបីចុះទៅខាងក្រោមរដ្ឋបាលព្រៃឈើផ្សេងទៅ រដ្ឋបាលជលផលផ្សេងទៅ មន្ទីរកសិកម្មផ្សេងទៅ។ អញ្ចឹងក្បាលមួយជើងដល់៣។ មកពីអស់លោកអត់ព្រមធ្វើហើយបើធ្វើដេកទាំងយប់ទាំងថ្ងៃអស់ត្រឹមប៉ុន្មានថ្ងៃអស់លោកធ្វើរួចហើយប៉ុន្ដែមកពីមិនព្រមធ្វើ»។
សម្ដេចថា រដ្ឋមន្ត្រីកសិកម្មជាច្រើនហើយដែលធ្វើរឿងនេះមិនចេញ។
បច្ចុប្បន្នកម្ពុជានៅប្រើប្រាស់ច្បាប់ស្ដីពីជលផលដែលត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០០៦មកម្លេះ ក្នុងសម័យរដ្ឋមន្ត្រីកសិកម្មចាស់លោក ច័ន្ទ សារុន៕