ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលកម្ពុជាកំពុងត្រៀមឧទ្ធម្ភាគចក្រមួយចំនួនទៅតំបន់បឹងទន្លេសាបទុកបង្ក្រាបបទល្មើសនេសាទនៅទីនោះ។
ក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្ម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចបានឲ្យដឹងថា ដោយសារតែកាណូតរបស់ជនទុច្ចរិតទាំងនោះលឿនជាងកាណូតរបស់សមត្ថកិច្ចជលផល ធ្វើឲ្យការចុះបង្ក្រាបបទល្មើសទាំងនោះមិនបានឆាប់រហ័សនោះឡើយ។
សម្ដេចប្រកាសថា៖ «កាណូតវាលឿនជាងកាណូតយើង ឥឡូវសួរថាលឿនប៉ុណ្ណា? ខ្ញុំត្រៀមឧទ្ធម្ភាគចក្រមួយចំនួនដើម្បីចុះទន្លេសាប។ ឥឡូវនាំគ្នាធ្វើទៅ រួចគ្នាប្រជុំគ្នា ធ្វើយ៉ាងម៉េច អីយ៉ាងម៉េចដើម្បីបង្ក្រាបពួកអាហ្នឹង»។
សម្ដេចបន្តថា បើមិនធ្វើដូច្នេះទេនោះបឹងទន្លេសាបនឹងលែងមានត្រីបន្តទៅទៀតព្រោះជនល្មើសទាំងអស់នោះបានប្រើឧបករណ៍នេសាទខុសច្បាប់ ព្រមទាងមានទូកល្បឿនលឿនទៀតផង។
សម្ដេចបន្តថា៖ «ឥឡូវប្រមូលកងទ័ពជើងទឹករបស់យើងចុះទៅ តើមានស្អីខ្លះ? រុញហ្អែងចុះទៅតាមទន្លេសាប ដាក់ពួកហ្នឹងម្ដងមើល៍។ ហើយបើអាណាព្រហើន អាហ្នឹងគឺថាយកវាមកញាត់គុកទៅ ចាំបាច់មានគោលនយោបាយជាមួយពួកបទល្មើសធ្វើអី»៕