ប្រធាន AFF នៅតែរក្សាគោលបំណងចង់រៀបចំពាន AFF Suzuki Cup ជាលក្ខណៈរូបមន្តក្នុងដី (Home) និងក្រៅដី (Away)
អាស៊ាន៖ សហព័ន្ធបាល់ទាត់អាស៊ាន ហៅកាត់ថា AFF ធ្លាប់បានប្រកាសកាលពីឆ្នាំំ ២០២០ កន្លងទៅថា ព្រឹត្តិការណ៍បាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីការប្រកួតនេះ ត្រូវបានរំខាន និងលើកពេលប្រកួតជាបន្តបន្ទាប់ដោយសារជំងឺកូវីដ-១៩។
ដោយឡែក កាលពីពេលថ្មីៗនេះ សហព័ន្ធបាល់ទាត់អាស៊ាន បានធ្វើការប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទក្នុងការចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់នេះ នឹងត្រូវឡើងនៅថ្ងៃអង្គារ៍ ទី១០ ខែសីហា ឆ្នាំ២០២១។ ប៉ុន្តែយ៉ាងណាក្តី ចំពោះទីកន្លែងសម្រាប់ពិធីចាប់ឆ្នោត រួមទាំងរូបមន្តប្រកួតនូវមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
យោងតាមប្រសាសន៍របស់លោក ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) លើកឡើងថា «យើងពិតជាមានសេចក្តីសោមនស្សរីករាយ សូមប្រកាសកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលជាផ្លូវការសម្រាប់ការប្រកួតឆ្នាំនេះ។ AFF នូវតែរក្សាគោលបំណងក្នុងការរៀបចំការប្រកួតក្រោមរូបមន្តពេញលេញមួយ និងមានកាលវិភាគរបស់ខ្លួន រួមទាំងការប្រកួតជាលក្ខណៈក្នុងដី (Home) និងក្រៅដី (Away) នៅគ្រប់ដំណាក់កាលនៃការប្រកួត។ ប៉ុន្តែយើងក៏ទទួលស្គាល់នូវតម្រូវការនៃការស្រាវជ្រាវ និងត្រៀមសម្រាប់ផលប៉ះពាល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលអាចរាប់បញ្ចូលនៃជម្រើសរូបមន្តផ្សេងទៀត ការប្រើប្រាស់ទឹកដីកណ្តាល (Centralized Venues) រួមមួយសម្រាប់ព្រឹត្តិការណ៍នេះ»៕