ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) លោក Tassilo Brinzer បានប្រកាសចូលរួមជួយដល់ការងារបោសសម្អាតមីនមនុស្សធម៏នៅកម្ពុជា បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយអនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ។
នៅក្នុងជំនួបជាមួយលោកប្រធានសភាពាណិជ្ជកម្មសហគមន៍អឺរ៉ុបប្រចាំកម្ពុជានៅព្រឹកនេះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងជម្រាបប្រាប់ទៅប្រធានសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលជោគជ័យក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជារយៈពេល ៣០ឆ្នាំកន្លងទៅនេះ ដែលមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥ និងការបន្តដោះស្រាយបញ្ហានៅសេសសល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។
លោកបានបញ្ជាក់បន្ថែមថា៖ «ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។ ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីន បានបញ្ចប់ដោយជោគជ័យក្នុងខេត្តកែប និងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា»។
លោកបានស្នើសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាពនិងចូលរួមជួយគាំទ្រដល់ការបោសសម្អាតមីននៅខេត្តកំពង់ចាមផងដែរ។
លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម ព្រមទាំងបានបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស បង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ។ ជាមួយគ្នានេះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលកន្លងមក។
លោកបានទទួលយកសំណើររបស់លោកទេសរដ្ឋមន្ត្រី ក្នុងការគាំទ្រដល់ការដោះមីននៅខេត្តកំពង់ចាម ដោយថាសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យឯកជននានាក្នុងក្របខណ្ឌសហគមន៍អ៊ឺរ៉ុប សម្រាប់គាំទ្រដល់ការងារនេះបន្ត៕