កណ្ដាល៖ ផ្លូវជាតិលេខ២១ ភ្ជាប់ពីរង្វង់មូលតាខ្មៅ ទៅជ្រៃធំ ព្រំដែនកម្ពុជា-វៀតណាម ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរួមគ្នាដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក ផាក ហឹងឃ្យុង។
ផ្លូវនេះជាជំនួយសម្បទានពីសាធារណរដ្ឋកូរ៉េដែលមានប្រវែង ៦៣,៦គីឡូម៉ែត្រ សាងសង់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០១៩។ ដំបូងឡើយរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឹកូវីដ-១៩ ទើបពន្យាពេលរហូតមកដល់ពេលនេះ។
ថ្លែងក្នុងពិធីសម្ពោធនាថ្ងៃនេះ រដ្ឋមន្ត្រីក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល បានថ្លែងថាផ្លូវជាតិលេខ២១ ចំណាយថវិការសរុបប្រមានជាង ៦០,៩២លានដុល្លារអាមេរិក ជាខ្សែផ្លូវយុទ្ធសាស្ត្រតភ្ជាប់រាជធានីភ្នំពេញ ជាមួយបណ្ដាញផ្លូវគមនាគមន៍មួយចំនួនទៀតនៅក្នុងខេត្តកណ្ដាល ដោយឆ្លងកាត់ក្រុង-ស្រុកចំនួន៣ រួមមាន ក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកោះធំ ឆ្ពោះទៅច្រកព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។
លោកថា៖ «ខ្សែផ្លូវនេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍និងរីកចម្រើន»។
ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជា លោក ផាក ហឹងឃ្យុង បានលើកឡើងពីជំហរនៃការចូលរួមជួយរបស់កូរ៉េមកកាន់កម្ពុជា។ លោកជឿថាការជួយស្ថាបនាផ្លូវនេះ មិនត្រឹមតែជួយសម្រួលការលំបាករបស់ពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជួយសម្រួលដល់ការចរាចរណ៍ទំនិញដែលកាត់បន្ថយការចំណាយថ្លៃដើមជាច្រើន។
លោកថា៖ «ដូចគ្នាគោលនយោបាយរដ្ឋាភិបាលដែលដាក់ចេញ និងនាយករដ្ឋមន្ត្រីតែលើកជាញឹកញាប់ មានផ្លូវមានក្ដីសង្ឃឹម។ ខ្ញុំសង្ឃឹមថាផ្លូវនេះនិងផ្លូវនូវក្ដីសង្ឃឹមថ្មីដល់ប្រជាជនកម្ពុជាដែលបានប្រើប្រាស់ផ្លូវនេះដើម្បីលើកតម្កើនសេដ្ឋកិច្ចរបស់ពួកគាត់»។
ពលរដ្ឋដែលបានចូលរួមក្នុងពិធីសម្ពោធនាថ្ងៃនេះបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយចំពោះការទទួលបានសមិទ្ធផលថ្មីនេះ។ ពួកគាត់និយាយថាមុនពេលដែលផ្លូវនេះសាងសង់គាត់មានការលំបាកក្នុងការធ្វើដំណើរនិងប្រកបកិច្ចការជាច្រើន តែពេលនេះការលំបាកទាំងនោះលែងមានទៀតហើយ។
លោក ឃួន សុខខ ជាពលរដ្ឋរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ថាលោកមានអារម្មណ៍សប្បាយរីករាយចំពោះការដាក់ឱ្យប្រើប្រាស់ផ្លូវនាថ្ងៃនេះ។
លោកថា៖ «ផ្លូវនេះមានសារសំខាន់ចំពោះបងប្អូនយើងក្នុងខេត្តកណ្ដាលតភ្ជាប់ជាមួយព្រំដែនវៀតណាម។ ដែលជាផ្លូវសរសៃឈាមដល់ប្រទេសកម្ពុជាយើងទាំងមូល»។
ពលរដ្ឋម្នាក់ទៀតដែលរស់នៅស្រុកកោះធំ ជាប់ព្រំដែនវៀតណាមផ្ទាល់ លោក អ៊ុ ប៊ុនថារី អាយុ ៦៤ឆ្នាំ មានប្រសាសន៍ពីមុនមានការលំបាកជាខ្លាំងក្នុងការធ្វើដំណើរ ដោយសារផ្លូវតូច និងខូចខាតច្រើន។
លោកថា៖ «តឡូវមានការធ្វើដំណើរបានលឿនឆាប់រហ័ស។ ពេលកន្លងមកគឺយឺតយ៉ាវណាស់ ប្រើរយៈពេលយូរម៉ោងណាស់ទំរាំដល់ទីរួមខេត្តកណ្ដាលទំរាំអញ្ចឹង។ តែឥឡុវនេះលឿនរហ័សសូមថ្លែងអំណរគុណចំពោះសម្ដេចដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងការកសាងផ្លូវជាតិលេខ២១នេះ» ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធនាថ្ងៃនេះដោយបានរម្លឹកពីអតីតកាលដែលផ្លុវនេះជួបការលំបាកដែលមានដូចជាទឹកជំនន់កាត់ផ្ដាច់ផ្លូវ បង្កការខូចខាត និងការលំបាករបស់ពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវជាតិលេខ២១នេះ។
សម្ដេចថា បន្ទាប់ពីសាងសង់រួចផ្លូវនេះមិនត្រឹមតែសម្រួលដល់ការលំបាកពលរដ្ឋប៉ុណ្ណោះទេ តែក៏បានជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ សម្ដេចថ្លែងបែបនេះសក៏ព្រោះតែផ្លូវជាតិលេខ២១នេះបានសម្រួលដល់ការចរាចរណ៍ទំនិញកម្ពុជា-វៀតណាម ការតភ្ជាប់អគ្គិសនីពីវៀតណាម ហើយវាក៏ជាផ្លូវកាត់មួយដែលភ្ជាប់រវាងប្រទេសកម្ពុជាទៅប្រទេសខាងកើតរបស់ខ្លួនផងដែរ។
សម្ដេចតេជោបានថ្លែងថា៖ «បើគិតពីចំងាយផ្លូវនេះគឺជាផ្លូវដែលកៀកបំផុតជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម។ ហើយយើងក៏បានកសាងចេញលុយពាក់កណ្ដាលម្នាក់កសាងស្ពានជ្រៃធំ ដែលព្រំដែនរបស់វានៅពាក់កណ្ដាលទន្លេ អញ្ចឹងវៀតណាមចេញលុយពាក់កណ្ដាល កម្ពុជាចេញលុយពាក់កណ្ដាលដើម្បីកសាងស្ពានមួយកន្លែងនោះ។ ឥឡូវយើងកសាងនូវផ្លូវនេះហើយ យើងពិតជាមានមោទនភាពនូវការរីកចំរើនបើប្រៀបជាមួយផ្លូវចាស់និងផ្លូវថ្មី។ ផ្លូវចាស់របស់យើងចង្អៀតណាស់កន្លែងខ្លះបានតែ ៥ម៉ែត្រទេ ហើយកៀកចុះកៀកឡើង។ គ្រាន់តែពង្រីកផ្លូវនេះយើងចំណាយថវិកាខ្លួនយើងអស់ ៩ ៣៤៧ ៩០៦ដុល្លារអាមេរិកដើម្បីដោះស្រាយផលប៉ះពាល់»។
ចាប់តាំងពីបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ១៩៩៧ ដោយកិច្ចខិតខំរបស់សម្ដេចតេជោ។ ទំនាក់ទំនងនេះត្រូវបានបង្កើនឡើងជាលំដាប់រៀងមករហូតមកដល់បច្ចុប្បន្ន ដែលប្រទេសកូរ៉េបានផ្ដល់ជំនួយជាច្រើនទាំងថវិកា និងបច្ចេកទេសមកកាន់កម្ពុជា។ សម្ដេចតេជោ ថាសម្ដេចមានមោទនភាពដែលសម្ដេចបានពុះពារជំនះបានជោគជ័យក្នុងការបង្កើតចំណងកាលទូតជាមួយសាធារណរដ្ឋកូរ៉េនេះ៕
PHOTO: EAC NEWS