សម្ដេចតេជោ គ្រប់ទីកន្លែងទាំងអស់ឲ្យតែមានសេចក្ដីសម្រេចទាក់ទងជាមួយនឹងសង្រ្គាមរុស្ស៊ីអ៊ុយក្រែនគឺយើងហ្នឹងបោះប្រឆាំងការប្រើប្រាស់កម្លាំង
កណ្តាល៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំហររបស់កម្ពុជាគឺនៅដដែលប្រឆាំងទៅនឹងការឈ្លានពាននិងការប្រើកម្លាំងទៅលើប្រទេសដទៃ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ទៅព្រំដែនវៀតណាមនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាមានប្រតិភូកម្ពុជាស្នើសុំយោបល់ពីសម្ដេចនៅព្រឹកនេះ ទៅលើការបោះឆ្នោតគាំទ ប្រឆាំង ឬអនុប្បវាទ ទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
សម្ដេចបានបញ្ជាក់ថាជំហររបស់កម្ពុជាគឺនៅដដែល។
សម្ដេចតេជោថា៖ «បន្ទាត់នយោបាយយើងយ៉ាងម៉េចយើងអត់មាននៅអនុញ្ញាតិអោយយើងមិនគាំទ្រការឈ្លានពានពីប្រទេសមួយទៅប្រទេសមួយនោះទេ។នេះគឺជាជំហរដាច់ខាតរបស់យើង»។
កាលពីថ្ងៃទី៣ ខែមីនា ប្រទេសកម្ពុជាបានបោះឆ្នោតចូលរួមជាមួយនឹងប្រទេសចំនួន ១៤០ ទៀត គាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិឱ្យរុស្ស៊ី ដកទ័ពចេញជាបន្ទាន់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែន ក្នុងព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ៕