ក្រុមការងាររាជរដ្ឋាភិបាលបន្តផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការសាយភាពអាវុធមហាប្រល័យ
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការណ៍អន្តរជាតិ (អ.អ.ផ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យជាលើកទី៣នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
សិក្ខាសាលានេះធ្វើឡើងដោយមានការចូលរួមពីមន្ត្រីក្រសួង ស្ថាប័នរដ្ឋ ជិត២០ស្ថាប័ន ដែលមានអ្នកចូលរួម ១៧១នាក់ ដែលមានវាគ្មិនបង្គោលចំនួន ២រូបគឺ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌក្រសួងយុត្តិធម៌ លោក ប៉ែន ពេជ្រសាលី និងប្រធានលេខាធិការដ្ឋានកណ្ដាលសន្ដិសុខនៃអគ្គស្នងការនគរបាលជាតិលោក ផាន សុភ័ក្រ។
សិក្ខាសាលាលើកទី៣នេះ ក៏បានពន្យល់ពីខ្លឹមសារនៃដីការសម្រេចបង្កទ្រព្យសម្បត្តិលេខ១១ និងលេខ ១២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបង្កកទ្រព្យសម្បត្តិរបស់បុគ្គល ឬអង្គភាពដែលមានឈ្មោះក្នុងបញ្ជីផ្អែកតាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់នាពេលកន្លងមក។
ក្នុងសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដីការសម្រេចបង្កទ្រព្យសម្បត្តិទាំង២នេះ ជាប្រទេស ដីការសម្រេចពុំមានរយៈពេលកំណត់ ដែលមានសពុលភាពអនុវត្តជាអចិន្ត្រៃយ៍ លើកលែងតែត្រូវបានលុបចោលវិញដោយតុលាការ»។
ក្រៅពីបទបង្ហាញរបស់វាគ្មិនទាំងពីរ តំណាងក្រសួងស្ថាប័នដែលបានចូលរួមក៏មានយោបល់មួយចំនួនផងដែរអំពីបទពិសោធន៍នៃការអនុវត្តន៍ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាពអាវុធមហាប្រល៍ នាពេលកន្លងមកផងដែរ៕