ភ្នំពេញ : នៅថ្ងៃពុធ ទី០២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសថាកន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ដោយទុករយៈពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ចាក់ថា នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕