ភ្នំពេញ៖ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធកំពុងរៀបចំនីតិវិធីសម្រាប់លក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត បន្ទាប់ពីការលក់ឥណទានកាបូនចំនួនពីរគម្រោង ដែលបានធ្វើឡើងនៅខេត្តមណ្ឌលគិរី និងនៅឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។
នៅក្នុងសារបង្ហោះអបអរទិវាព្រៃឈើពិភពលោកកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត ភក្ត្រា បានឲ្យដឹងថា ក្រសួងនិងដៃគូពាក់ព័ន្ធកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃ ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងបន្ថែមទៀតបន្ទាប់ពីបានលក់ឥណទានកាបូននេះចំនួនពីរគម្រោងរួចមកហើយ នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងគម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង រួមមានឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។
លោកបន្តថា ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត រួមមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
លោកបន្ថែមថា មុននឹងទិញឥណទានកាបូននេះ ត្រូវមានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្តដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។
លោករដ្ឋលេខាធិការ អះអាងថាការសម្រេចទិញឥណទានកាបូនពីកម្ពុជារបស់ក្រុមហ៊ុននានា គឺបានបង្ហាញថាកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។
យ៉ាងណាមិញ ចំពោះថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍ ដោយកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។
បច្ចុប្បន្នកម្ពុជា មានផ្ទៃដីអភិរក្សទំហំ ៧,៣លានហិកតា ឬស្មើប្រមាណ ៤១% នៃប្រទេសកម្ពុជា និងបានលក់ឥណទានកាបូនទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក៕