អន្តរជាតិ៖ តំបន់ Belgorod របស់រុស្ស៊ី ដែលមានព្រំប្រទល់ភាគឦសានអ៊ុយក្រែន បានផ្តល់ទីជម្រក និងសម្ភារៈចាំបាច់សម្រាប់ជនភៀសខ្លួនជាង ៣០០០នាក់ ចាប់តាំងពីវិបត្តិអ៊ុយក្រែនបានផ្ទុះឡើង។ កន្លែងស្នាក់នៅបណ្តោះអាសន្នដ៏ធំបំផុតនេះ គឺនៅក្នុងទីក្រុង Belgorod តែម្ដង។
អភិបាលក្រុងលោក Anton Ivanov បាននិយាយថា អាជ្ញាធរក្នុងតំបន់បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាបាននូវតម្រូវការរបស់ជនភៀសខ្លួនមកពីអ៊ុយក្រែន។
លោកបានបន្តថា៖ «កាលពីសប្តាហ៍មុន រួមជាមួយនឹងអាជ្ញារធក្នុងតំបន់ Belgorod យើងបានដាក់កន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកដែលត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសអ៊ុយក្រែននៅពេលនេះ។ លំនៅដ្ឋានចំនួន ៤៥ ត្រូវបានបង្កើតឡើង ដោយមានតង់ ប្លុកអាហារ ចំនួនប្រាំ ។ បើចាំបាច់យើងអាចយកមនុស្សបន្ថែមពី ៣០០-៤០០នាក់នៅទីនេះ»។
បន្ថែមពីលើតម្រូវការប្រចាំថ្ងៃ កន្លែងស្នាក់នៅក៏អាចផ្តល់ជំនួយផ្លូវចិត្តដល់ជនភៀសខ្លួនផងដែរ។
លោកថា៖ «អាហារបីពេលក្នុងមួយថ្ងៃសម្រាប់មនុស្សពេញវ័យ និងអាហារ ៤ពេលក្នុងមួយថ្ងៃសម្រាប់កុមារត្រូវបានផ្តល់ជូននៅទីនេះ។ លើសពីនេះ ក៏មានបន្ទប់សម្រាប់ម្តាយដែលមានទារក និងកុមារតូចផងដែរ»។
កម្មវិធីការងារពិសេសមួយក៏ត្រូវបានផ្តួចផ្តើមឡើងផងដែរ ដើម្បីជួយដល់អ្នកដែលចង់ចាប់ផ្តើមជីវិតថ្មីនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមអភិបាលក្រុង។
យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា មនុស្សជាង ៣លាននាក់បានភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយឆ្ពោះទៅកាន់ប្រទេសជិតខាងរបស់ខ្លួន ខណៈដែលមនុស្សរាប់លាននាក់ទៀតត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក៕