កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ បើកកិច្ចប្រជុំពាក់ព័ន្ធនឹងប្រេងនៅកាតាខណៈជម្លោះនៅអ៊ុយក្រែនកំពុងបន្ត
អន្តរជាតិ៖ មន្ត្រីអាល្លឺម៉ង់ និងកូរ៉េខាងត្បូងបានជួបពិភាក្សាគ្នានៅប្រទេសកាតាដែលប្រទេសសម្បូរប្រេងមួយ កាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ដោយគូសបញ្ជាក់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនាំចូលប្រេងធំៗ ដើម្បីស្វែងរកជម្រើសជំនួសការផ្គត់ផ្គង់របស់រុស្ស៊ី ចំពេលមានការរំខានដល់ទីផ្សារប្រេង និងឧស្ម័នដែលបណ្តាលមកពីសង្គ្រាមអ៊ុយក្រែន។
ព្រះអង្គម្ចាស់ Sheikh Tamim bin Hamad al-Thani តំណាងប្រទេសកាតា បានជួបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Boo-kyum និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ Robert Habeck ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដែលផ្តោតលើវិស័យថាមពល។
មន្ត្រីអាល្លឺម៉ង់បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ថាប្រទេសអាល្លឺម៉ង់ និងកាតាបានឈានដល់ភាពជាដៃគូថាមពលប្រេងរយៈពេលវែង ខណៈដែលទីផ្សារដ៏ធំបំផុតរបស់អឺរ៉ុបស្វែងរកការពឹងផ្អែកតិចជាងមុនលើប្រភពថាមពលរបស់រុស្ស៊ី។
ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ឧស្ម័នដ៏ធំបំផុតដល់ប្រទេសអាល្លឺម៉ង់ ហើយលោក Habeck បានចាប់ផ្តើមគំនិតផ្តួចផ្តើមជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកថាមពលរបស់អាល្លឺម៉ង់លើប្រទេសរុស្ស៊ីចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន។
រដ្ឋឈូងសមុទ្រអារ៉ាប់គឺជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវលំដាប់កំពូលរបស់ពិភពលោក ហើយកាន់កាប់ឧស្ម័នបម្រុងធំជាងគេទីបីបន្ទាប់ពីរុស្ស៊ី និងអ៊ីរ៉ង់។
លោក Kim ក៏បានជួបជាមួយព្រះអង្គម្ចាស់កាតា Sheikh Khalid សម្រាប់កិច្ចពិភាក្សាលើការវិនិយោគ ថាមពល សុខភាព កសិកម្ម សន្តិសុខ និងកីឡា ជាពិសេសការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ នាទីក្រុងដូហាផងដែរ៕