ឧបទ្វីបកូរ៉េ៖ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចគ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីថ្មីមួយទៀតកាលពីថ្ងៃអាទិត្យ ទី២០ ខែមីនា ចំពេលមានភាពតានតឹងផ្នែកយោធា។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ព្រឹកនេះមានការបាញ់នៅក្នុងប្រទេសកូរ៉េខាងជើង ដែលត្រូវបានគេសន្មត់ថាជាការបាញ់គ្រាប់រ៉ុក្កែតជាច្រើន ហើយយោធារបស់យើងកំពុងតាមដានស្ថានភាពពាក់ព័ន្ធ និងរក្សាជំហរត្រៀមខ្លួន»។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានរាយការណ៍ថា យោធាកូរ៉េខាងជើងបានបាញ់ចំនួនបួនគ្រាប់នៅម៉ោងប្រហែល ៧និង២០នាទីព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) ប្រហែលមួយម៉ោងឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនពីទីតាំងមិនស្គាល់អត្តសញ្ញាណនៅក្នុងខេត្ត Pyongan។
ប្រទេសកូរ៉េខាងជើងបានបង្ហាញប្រភេទថ្មីនៃប្រព័ន្ធរ៉ុក្កែតបាញ់បង្ហោះច្រើនប្រភេទ (MLRS) ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបន្ថែមទៅលើឃ្លាំងអាវុធធំនិងគ្រាប់រ៉ុក្កែត ខណៈពេលនេះមិនទាន់មានសកម្មភាពណាមួយលើការបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBMs) នៅឡើយទេ៕