
សម្ដេចតេជោ ហ៊ុន សែន ណែនាំ៥ចំណុចដល់ គ.ជ.អ.ប ដើម្បីសម្រេចតាមគោលដៅ និងធានាដល់ការអនុវត្តកម្មវិធីនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ.ជ.អ.បនូវគោលការណ៍ ៥ចំណុច ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២។
ថ្លែងក្នុងពិធី ប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្ម វិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ នៅថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២២
សម្ដេចបានផ្តល់នូវអនុសាសន៍រួមមាន
ទីមួយ អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាព នៃការគ្រប់គ្រងការងារកែទម្រង់ត្រូវបន្តបែងចែកឱ្យបានច្បាស់ លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការ ផ្តល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ទីពីរ អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច មូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធ៌មសង្គម ។
ទីបី គឺការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវបន្តពិនិត្យ និងកែលម្អគោលការណ៍ និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។
ទីបួន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយនិងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព ។
និងទីប្រាំ ត្រូវរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថលនៅ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើ ប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕