ភ្នំពេញ៖ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតី នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
មន្ទីរពេទ្យនេះប្រើពេលសាងសង់ប្រមាណ ៣ឆ្នាំចាប់ពីខែតុលា ឆ្នាំ២០១៨ រហូតដល់ខែមករា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថាមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិកជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ អគារមន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែកចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រមទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើដំបូលអគារមានចំណតឧត្ថម្ភាគចក្រចុះចត ទម្ងន់ពី ៣តោន ទៅ ៥តោនថែមទៀតផង។ មន្ទីរពេទ្យនេះមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺចំនួន ៤០០គ្រែ។
លោកថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លានេះ»។
ឯកអគ្គរដទូតចិនប្រចាំកម្ពុជា លោក វ៉ាង វិនធៀន បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈនឹងក្លាយជាមន្ទីរពេទ្យរដ្ឋដ៏ទំនើបបំផុតនៅកម្ពុជា។ មន្ទីរពេទ្យនេះមិនត្រឹមតែជាមន្ទីរពេទ្យដ៏ទំនើបទេថែមទាំងមានការគាំទ្រពីមន្ត្រីសុខាភិបាលជំនាញរបស់ចិនថែមទៀត។
លោកថា៖ «ឆ្លៀតឱកាសនេះខ្ញុំសូមតំណាងស្ថានទូតចិនប្រចាំកម្ពុជាស្វាគមន៍ការមកដល់នៃក្រុមការងារសុខាភិបាលប្រពៃណីចិន ១២រូបដែលបានមកជួយប្រឆាំងជំងឺកូវីដ-១៩។ ខ្ញុំសូមសំដែងការស្វាគមន៍ដោយស្មោះចំពោះក្រសួងសុខាភិបាលកម្ពុជា និងមន្ទីរពេទ្យព្រះកុសុមៈចំពោះការគាំទ្រក្រុមអ្នកជំនាញប្រទេសចិនដើម្បីផ្ដល់ការងារឲ្យបានឆាប់»។
លោកថានេះគឺជាការគាំទ្ររវាងប្រជាជនចិនដល់ប្រជាជនកម្ពុជាដើម្បីជួយដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជានិងចូលរួមដល់ការកសាងមិត្តភាពកម្ពុជា-ចិនផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីប្រវត្តិនៃដំណើរការនៃការទទួលបានសមិទ្ធផលថ្មីពីចិន។ សម្ដេចបានចាត់ទុកសមិទ្ធផលនេះបានមកពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជាចិនដែលជាមិត្តដែកថែប។
សម្ដេចតេជោមានប្រសាសន៍ថា៖ «វាផ្ដើមចេញអំពីការសហប្រតិបត្តិការនិងការជួយគ្នាពីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជារបស់យើង»។
សម្ដេចចាត់ទុកថានេះជាជំនួយដ៏ធំនៃការជួយដល់វិស័យសុខាភិបាលពីចិនមកប្រជាជនកម្ពុជា។
នេះជាការសម្ពោធឱ្យប្រើប្រាស់មន្ទីរពេទ្យជាជំនួយចិនជាលើកទី២ហើយបន្ទាប់ពីមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីដើមខែមីនា៕
PHOTO: EAC NEWS