
អនុរដ្ឋមន្ត្រីការបរទេសអាមេរិកសន្យានឹងលើកយកសំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅជូនលោកប្រធានាធិបតី ចូ បៃឌិន
ភ្នំពេញ : ក្នុងជំនួបទ្វេរភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យ សហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ចូ បៃឌិន ពិនិត្យពិចារណាដោះស្រាយបំណុលដែលកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកកាលពីរបប លន់ ណុល ដែលមានទឹកប្រាក់ជិត ៧០០លានដុល្លារ (ទាំងការនិងដើម) តាមវិធីទ្វេរភាគី ទី១ អនុញ្ញាតិឱ្យកម្ពុជាសងបំណុលនេះបន្តិចម្តងៗ ទី២ សងបំណុលតាមកម្មវិធីបង់ការប្រាក់ត្រឹម ១% និងទី៣ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក គឺសំណង ៧០% ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។
លោកស្រី Wendy Ruth Sherman បានសន្យាថា រាល់សំណើររបស់សម្តេចតេជោបានលើកឡើង នឹងយកទៅជូន លោកប្រធានាធិបតី ចូ បៃឌិន ពិនិត្យសម្រេច។ នេះគឺជាការបញ្ជាក់បន្ថែមពីជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោក អ៊ាង សុផល្លែត។
នៅក្នុងជំនួបនោះ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បាននាំយកលិខិតរបស់ប្រធានាធិបតី ចូ បៃឌិន ដើម្បីជូនសម្តេចតេជោដោយផ្ទាល់ ដោយលោកស្រីបានបញ្ជាក់ថា នេះគឺជាបំណងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសទាំងពីរមានមានភាពល្អសម្រាប់ប្រទេសទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក។
លោកស្រី Sherman បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការណ៍រវាងកម្ពុជា-សហរដ្ឋអាមេរិកកន្លងមកលើវិស័យជាច្រើន ជាពិសេស លើវិស័យរុករកអទ្ឋិធាតុទាហ៊ានអាមេរិក ដែលបានបាត់ខ្លួននៅកម្ពុជា។ កិច្ចសហប្រតិបត្តិការណ៍ប្រយុទ្ធប្រឆាំងភេរវកម្មនិងកិច្ចសហប្រតិបត្តិការណ៍លើវិស័យមនុស្សធម៌ដូចជាការអនុញ្ញាតិឱ្យនាវា Amsterdam ចុះចតនៅកម្ពុជាដើម្បីជួយសង្គ្រោះប្រជាជននៅលើកនាវាដែលប្រទេសដទៃទៀតមិនអនុញ្ញាតឱ្យចូលព្រោះដោយសារបញ្ហាជំងឺកូវីដ-១៩។
លោកស្រី Sherman ក៏បានលើកឡើងអំពីឱកាសនៃកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីររួមមានការលុបបំបាត់បំណុលរបស់កម្ពុជាដែលជំពាក់សហរដ្ឋអាមេរិក សហប្រតិបត្តិការណ៍លើការវិនិយោគទុនប្រេងនិងឧស្ម័ន និងការវិនិយោគលើទឹក ហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង។
ជាការឆ្លើយតបនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយនូវអ្វីដែលលោកស្រីអនុរដ្ឋមន្ត្រីបានលើកឡើង ពិសេសសហរដ្ឋអាមេរិកបានចូលរួមចំណែកជួយដល់កម្ពុជា រួមមានការចូលរួមចំណែកស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍកម្ពុជា ការចូលរួមជួយរបស់សហរដ្ឋអាមេរិកដោយផ្ទាល់និងដោយប្រយោលតាមរយៈអង្គការ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។
សម្តេចតេជោក៏បានសម្តែងនូវការអបអរសាទរចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងីកូវីដ-១៩ បានជោគជ័យដែលជាការឆ្លុះបញ្ចាំងនៅប៉ុន្មានថ្ងៃកន្លងមកនេះ មានការចុះថយនៃការរីករាលដាលជំងីកូវីដ-១៩ នៅសហរដ្ឋអាមេរិកគួរជាទីកត់សម្គាល់។
សម្តេចតេជោស្នើឱ្យសហរដ្ឋអាមេរិកពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការណ៍នៃការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ៕
រូបថតដោយលោក កុក គី