ភ្នំពេញ: ថ្ងៃអង្គារ៍ ទី០១ មិថុនា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស លោកត្រាំ អ៉ីវតឹកបានទទួលមរណភាពហើយ។ លោកត្រាំ អ៉ីវតឹកបានទៅទទួលការព្យាបាលនៅបរទេសអស់រយៈពេលមួយខែហើយ និងបានទទួលមរណភាពនៅព្រឹកមិញនេះ។ សពរបស់លោកត្រូវបានធ្វើមាតុភូមិនិវត្តន៍នៅរសៀលនេះ។
នៅក្នុងសារលិខិតចុងក្រោយមួយដែលបានផ្ញើជូនភរិយាលោក ត្រាំ អ៉ីវតឹក សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតសោកស្តាយស្រណោះអាឡោះអាល័យសង្វេគស្ទើររកទីបំផុតគ្មានចំពោះការបាត់បង់លោកទេសរដ្ឋមន្ត្រី ត្រាំ អ៉ីវតឹក គឺជាការបាត់បង់នូវស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូបដែលពេញមួយជីវិតបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការបម្រើជាតិមាតុភូមិប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោក ត្រាំ អ៉ីវតឹក ជាអតីតរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ក្នុងនាមជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសលោកក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនៅស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
សពរបស់លោក ត្រាំ អ៉ីវតឹក ត្រូវបានតម្កល់ទុកនៅគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកត្រាំ អ៉ីវតឹក មានអាយុ ៧៣ឆ្នាំ៕