បាត់ដំបង៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៤នាក់បានរងរបួសធ្ងន់និងស្រាលនៅក្មុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសេរីទំនើបមួយគ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្តដឹកដីដែលបើកបត់ឆ្វេងឆ្លងផ្លូវ។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ដំបូងឡើយគេឃើញរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ (HYUNDAI) ពណ៌ស ស៊េរីឆ្នាំ១៩៩៥ ពាក់ផ្លាកលេខ បន្ទាយមានជ័យ (3A-0562) បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏ស្រាប់តែមានរថយន្តសេរីទំនើបធុនតូចមួយគ្រឿងម៉ាកលុចស៊ីស ជីអេស (LEXUS GS) ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2R-6288 បើកបរមកពីក្រោយដោយបុរសម្មាក់ និងមានអ្នករួមដំណើរ ៣នាក់ បើកបរក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងបណ្តាលឱ្យទាំងអ្នកបើកបរនិងអ្នករួមដំណើរសរុប ៤នាក់រងរបួសធ្ងន់ស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុភ្លាមសមត្ថកិច្ចបានចុះទៅបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ បន្ទាប់មកបានធ្វើការវាស់វែងនិងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕