ភ្នំពេញ៖ នៅម៉ោងប្រមាណ ៥និង៣០នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលបដិសណ្ឋារកិច្ចនិងជួបជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមិអូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្រសួងការបរទេសឱ្យដឹងដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ៕