ខេត្តព្រះសីហនុ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ខេត្តព្រះសីហនុ រួមទាំងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត និងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល) ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ ក្នុងនោះមានស្រី ០១នាក់ ជាមួយភស្ភុតាងដែលចាប់បានមួយចំនួនរួមមានម្សៅសថ្លាចំនួន ៦៨កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហម ១០គ្រាប់ អាវុធខ្លី១ដើមបង់០១ ម៉ូតូ១០គ្រឿង ទូរស័ព្ទដៃ ១៣គ្រឿង និងឧបករណ៍មួយចំនួនទៀត។
សូមជម្រាបជូនថា កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណីហើយជនសង្ស័យដែលឃាត់ខ្លួនតែងឆ្លើយប្រាប់ថាគ្រឿងញៀនដែលខ្លួនមាន គឺបានទិញពីទីតាំងខាងលើ។
បច្ចុប្បន្នសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕