អន្តរជាតិ៖ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនកាន់តែក្តៅគគុក ប្រធានាធីបតីរបស់អ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវឱ្យអាមេរិកក៏ដូចជាអង្គការណាតូឱ្យប្រកាសដាក់តំបន់គ្មានការហោះហើរអ៊ុយក្រែន ប៉ុន្តែត្រូវបានបដិសេដ ហើយប្រធានាធីបតីអាមេរិក លោក ចូ បៃឌិន ធ្លាប់បានព្រមានថា តំបន់គ្មានការហោះហើរនៅអ៊ុយក្រែនអាចនឹងបង្ករជាសង្រ្គាមលោកលើកទី៣ ។
អ្វីទៅជាតំបន់គ្មានការហោះហើរ ?
ពាក្យថា «តំបន់គ្មានការហោះហើរ» ត្រូវបានគេប្រើក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពិសេសនៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានប្រើប្រាស់ពាក្យនេះនៅលើប្រទេសកូសូវ៉ូ និងអ៊ីរ៉ាក់។ យោងតាម និយមន័យមួយរបស់កងទ័ពអាកាសអាមេរិក តំបន់គ្មានការហោះហើរសំដៅលើ «តំបន់ដែលបានកំណត់ ដែលការហោះហើរដោយប្រទេស ឬអង្គភាពជាក់លាក់មួយត្រូវបានហាមឃាត់ដោយប្រទេស ឬអង្គភាពមួយផ្សេងទៀតហោះហើយ»។
ពាក្យនេះស្តាប់ទៅសម្មាញតែ ត្រង់កន្លែងនេះមានន័យថាជាបើសិនជាតំបន់ត្រូវបានកំណត់ហើយមានអ្នកល្មើសនោះ ភាគីអ្នកកំណត់មិនត្រឹមតែអាចបាញ់ទម្លាក់កងកម្លាំងអាកាសរបស់សត្រូវប៉ុណ្ណោះទេ ប៉ុន្តែអ្នកក៏បានបិទនូវមធ្យោបាយណាមួយដែលសត្រូវមានក្នុងការបាញ់ទម្លាក់យន្តហោះរបស់ភាគីខាងអ្នកកំណត់វិញ។
សង្គ្រាមអាកាសបែបនេះជាមូលដ្ឋានមិនបានកើតឡើងតាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ។
ត្រលប់មកសង្រ្គាមនៅអ៊ុយក្រែនវិញ ហេតុអីបានជាការដាក់តំបន់គ្មានការហោះហើរអាចបង្ករជាសង្រ្គាមលោកលើកទី៣?
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy
បាន ស្នើសុំឱ្យសហរដ្ឋអាមេរិក បង្កើតតំបន់គ្មានការហោះហើរលើផ្នែកខ្លះ ឬទាំងអស់នៃអ៊ុយក្រែន។
លោក Zelenskyy ថ្លែងថា រុស្ស៊ីបានប្រែក្លាយផ្ទៃអាកាសរបស់អ៊ុយក្រែនជាកន្លែងបាញ់សម្លាប់មនុស្សរាប់ពាន់នាក់។ ទាហានរុស្ស៊ីបានបាញ់មីស៊ីលជិត ១ ០០០គ្រាប់រួចទៅហើយនៅអ៊ុយក្រែន ។
ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ រដ្ឋបាលលោក បៃឌិន បាន និយាយជាប់លាប់ថា តំបន់គ្មានការហោះហើរមិនមែនជាជម្រើសដែលអាចសម្រេចបាននោះទេ។ នេះជាការចាំបាច់ដើម្បីចៀសវាងការកើតឡើងសង្រ្គាមកាន់តែធំ។
ទោះបីយ៉ាងណាក៏ដោយតាមការស្ទង់មតិនាពេលថ្មីៗនេះ បានរកឃើញថា ប្រជាជនអាមេរិកភាគច្រើន គាំទ្រតំបន់គ្មានការហោះហើរ។
ហេតុអ្វីបានជាតំបន់គ្មានការហោះហើរនៅអ៊ុយក្រែនគឺមានគ្រោះថ្នាក់?
ការអនុវត្ត និងពង្រឹងតំបន់គ្មានការហោះហើរក្នុងប្រទេសអ៊ុយក្រែន មានហានិភ័យលក្នុងការបង្កើនជម្លោះ។ ហើយវានឹងជាការដាក់តំបន់ហាមហោះហើរដំបូងរបស់អាមេរិកក្នុងអំឡុងពេលមានជម្លោះអន្តរជាតិ ហើយក៏ជាលើកដំបូងដែរឱ្យប្រទេសមហាអំណាចនុយក្លេអ៊ែរដូចជារុស្ស៊ីត្រូវបានហាមប្រាមបែបនេះ។
កត្តាទាំងពីរនេះបង្កើតកម្រិតហានិភ័យធ្ងន់ធ្ងរមិនធម្មតាសម្រាប់ការកើនឡើង នៃសង្គ្រាមលោកលើកទី៣ ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមាន ថានឹងដាក់តំបន់គ្មានការហោះហើរពាក់ព័ន្ធ និងបញ្ជូនយន្តហោះរបស់អង្គការណាតូចូលទៅក្នុងដែនអាកាសអ៊ុយក្រែន ហើយត្រៀមបាញ់យន្តហោះរបស់រុស្ស៊ី បើសិនជារុស្ស៊ីនៅតែបញ្ជួនយន្តហោះមកនោះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីនឹងចាត់ទុកមិនថា យន្តហោះអាមេរិក ឬណាតូ ដែលហ៊ានធ្វើបែបនេះថាជា «អ្នកចូលរួមនៃជម្លោះយោធាជាមួយនឹងរុស្ស៊ីដោយផ្ទាល់» ។
អ្នកវិភាគជាច្រើនលើកឡើងថា បើសិនជាតំបន់ការហោះហើរត្រូវបានដាក់នៅអ៊ុយក្រែន ហើយណាតូចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមមែននោះ ចង់ឬមិនចង់រុស្ស៊ីនឹងបញ្ចេញអាវុធនុយក្លេអ៊ែររបស់ខ្លួនជាក់ជាពុំខាន។
តាមពិតទៅបើតាម UN ប៉ាន់ប្រមាណថា ជនស៊ីវិលយ៉ាងតិច ៦៣៦ នាក់ត្រូវបានសម្លាប់ក្នុងសង្គ្រាមមកទល់ពេលនេះ។ ភាគច្រើននៃជនស៊ីវិលទាំងនេះ ត្រូវបានសម្លាប់ដោយមីស៊ីល រ៉ុក្កែត និងកាំភ្លើងធំរបស់រុស្ស៊ី មិនមែនដោយសារយន្តហោះចម្បាំងទេ។
រុស្ស៊ីក៏បានបើកការវាយប្រហារតាមអាកាសភាគច្រើនរបស់ខ្លួនទៅលើអ៊ុយក្រែន ពីដែនអាកាសរបស់រុស្ស៊ី មិនមែនមកពីលើអ៊ុយក្រែននោះទេ។ ដោយសារតែយន្តហោះរុស្ស៊ីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងព្រំដែន សូម្បីតែតំបន់គ្មានការហោះហើរលើទឹកដីអ៊ុយក្រែនទាំងមូល ក៏នឹងមិនបញ្ឈប់ការវាយប្រហារទាំងនេះដែរ៕