ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋមន្ត្រីក្រសួងការងារ៖ ការអប់រំវិស្វកម្ម គឺជាកូនសោរបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលបានចាត់ទុកការអប់រំប្រកបដោយគុណភាព គឺជាចំណុចគន្លឹះមួយដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិប្រកបដោយនិរន្តរភាព។ លោកថា ចំពោះការអភិវឌ្ឍន៍សង្គមជាតិការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ។

ថ្លែងក្នុងពិធីបិទអង្គមហាសន្និបាតបូកសរុបលទ្ធផលការងារ រយៈពេល ៥ឆ្នាំ អាណត្តិទី២ និងផែនការអនុវត្តបន្ត អាណត្តិទី៣ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា រដ្ឋមន្ត្រីក្រសួងការងារ ដែលជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជាផងនោះ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានថ្លែងថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយដ៏ខ្លាំងក្លាបំផុតមិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍សង្គមជាតិមួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។ ក្នុងនាមរាជរដ្ឋាភិបាលត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

លោកអះអាងថា៖ «អនាគតប្រទេសជាតិរបស់យើង គឺត្រូវពឹងផ្អែកលើអ្វីដែលវិស្វករយើងអាចធ្វើបាន នាពេលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវផ្ដល់ការអប់រំវិស្វកម្ម ប្រកបដោយគុណភាព គឺជាជម្រើសមួយដ៏ប្រសើរបំផុតដល់វិស្វករជាតិរបស់យើង ក្នុងការប្រកួតប្រជែង អភិវឌ្ឍសមត្ថភាពក្នុងការដោះស្រាយបញ្ហាចូលរួមគិតគូជាមួយរាជរដ្ឋាភិបាល ប្រកបដោយសុភវិនិច្ឆ័យ និងការអប់រំសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូលរបស់វិស្វករ ប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងការទទួលខុសត្រូវខ្ពស់បស់វិស្វករយើង»។

បើតាមលោករដ្ឋមន្ត្រី អ៉ិត សំហេង រាជរដ្ឋាភិបាលបានខិតខំក្នុងការកសាងធនធានមនុស្សទាំងនៅក្នុងស្រុក និងបញ្ជូនទៅសិក្សានៅបរទេស ដែលជាលទ្ធផលយើងឃើញថា ធនធានមនុស្សផ្នែកវិស្វកម្មបានកើនឡើងទាំងបរិមាណនឹងគុណភាព។

ក្នុងឆ្នាំ២០២១ កន្លងទៅគណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)។

ក្នុងឱកាសនេះលោកក៏បានផ្តល់អនុសាសន៍ជូនដល់ អង្គមហាសន្និបាត ជាពិសេសអគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជាផងដែរ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្មឱ្យកាន់តែប្រសើរឡើងដោយជំរុញ ពង្រឹងការចុះបញ្ជីវិស្វករ រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករតាមប្រព័ន្ធអនឡាញ ជំរុញការរៀបចំ ចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម ស្របតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើវិស័យវិស្វកម្មក្នុងតំបន់អាស៊ាន។

ក្នុងនោះក៏ត្រូវ បញ្ជ្រាបនិងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា ទាំងតាមវ៉េបសាយរបស់គណវិស្វករកម្ពុជា បណ្តាញសង្គម និងប្រព័ន្ធតេឡេក្រាម ដើម្បីផ្តល់ជូនព័ត៌មានឱ្យបានទូលំទូលាយ។

ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឱ្យបានកាន់តែល្អប្រសើរ និងចុងក្រោយគឺត្រូវតៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក