ភ្នំពេញ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២០-២១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ លោកគឺនាយករដ្ឋមន្ត្រីទី៦៤ នៃព្រះរាជាណាចក្រជប៉ុន។ តើលោក គីស៊ីដា ហ្វូមីអូ ជានរណា?
លោក គីស៊ីដា ហ្វូមីអូ កើតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ១៩៥៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ លោកជាកូនរបស់មន្រ្តីរដ្ឋាភិបាលនៅក្នុងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ស្រុកកំណើតរបស់ឪពុកម្ដាយលោកនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ហើយសមាជិកនៃក្រុមគ្រួសារគាត់ជាច្រើនក៏បានស្លាប់ក្នុងហេតុការណ៍ដែលអាមេរិកទម្លាក់គ្រាប់បែកបរិមាណូនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥។
ក្នុងឆ្នាំ១៩៦៣ នៅពេលលោកមានអាយុ៦ឆ្នាំត្រូវផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិកតាមឪពុករបស់លោកដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងឱ្យកាន់តំណែងនៅទីនោះ។ លោកបានចូលរៀននៅសាលាបឋមក្នុងតំបន់ Elmhurst, Queens ជាមួយនិងមិត្តភ័ក្រចម្រុះជាតិសាសន៍។ ទោះជាយ៉ាងណាលោកមានអារម្មណ៍ថាមានការរើសអើងជាតិសាសន៍រវាងសិស្សស្បែកសនិងសិស្សអាស៊ី។
លោកបានសរសេរនៅក្នុងសៀវភៅ « Kishida Vision» ថា៖ «នៅឆ្នាំ១៩៦៥ នៅពេលដែលមិត្តរួមថ្នាក់ជនជាតិស្បែកសម្នាក់បានបដិសេធមិនកាន់ដៃរបស់គាត់តាមការណែនាំរបស់គ្រូក្នុងដំណើរកំសាន្ត»។
ទោះជាយ៉ាងណាលោកនៅតែចាត់ទុកសហរដ្ឋអាមេរិកជាប្រទេសដែលគួរឱ្យកោតសរសើរមួយ។ លោកគឺជាអ្នកដែលស្រលាញ់កីឡាបេស្បលដ៏ខ្លាំងក្លាម្នាក់។ ដំបូងឡើយលោកមិនចង់ធ្វើនយោបាយនោះទេដោយសារឪពុកលោកថា «គ្មានរឿងផ្អែមល្អែមក្នុងពិភពនយោបាយទេ»។ ការងាររបស់លោកដំបូងគឺជាបុគ្គលិកធនាគារជប៉ុនមួយនៅឆ្នាំ១៩៨២ តែអ្វីៗបានប្រែប្រួលនៅពេលដែលវិស័យធនាគារបានជាប់គាំង។
ក្នុងឆ្នាំ១៩៨៧ លោកបានធ្វើការជាលេខាសមាជិកសភាជាន់ទាបមួយរូប។ សមាជិកសភាជាន់ទាបមួយរូបនោះគឺឪពុកលោកផ្ទាល់តែម្ដង។ ពេលនោះហើយដែលជីវិតនយោបាយរបស់លោកត្រូវបានចាប់ផ្ដើមនឹងឡើងតួនាទីជាបន្តបន្ទាប់។
ឆ្នាំ១៩៩៣ លោកបានជាប់ឆ្នោតជាសមាជិកសភាពជាន់ទាបជាលើកដំបូង។ ឆ្នាំ១៩៩៩ ជាសមាជិកសភា និងជាអនុរដ្ឋមន្ត្រីទទួលបន្ទុកក្នុងការសាងសង់។ ឆ្នាំ២០០១ ជាសមាជិកសភា និងជាអនុមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកការអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ឆ្នាំ២០០៥ ប្រធានគណៈកម្មាធិការជំនាញនៃសភាជាន់ទាប និងជារដ្ឋមន្ត្រីទទួលបន្ទុកការពង្រឹងសន្ដិសុខជាតិ។
ឆ្នាំ២០០៧ លោកត្រូវលោក ហ្សិន ហ្សូអាបេ តែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសកិច្ចការទឹកដីទិសភាគខាងជើង និងអូគីណាវ៉ា។ ក្នុងឆ្នាំ២០០៨ ក្នុងអាណត្តិរបស់នាយករដ្ឋមន្ត្រី Fukuda លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចគាំពារអ្នកប្រើប្រាស់ទំនិញ និងសេវាកម្ម និងបន្តទៀតក្លាយជារដ្ឋមន្ត្រីទទួលបន្ទុកគោលនយោបាយលម្ហអវកាស។
ចាប់ពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ខែកក្កដា ឆ្នាំ២០១៧ លោកត្រូវបានគណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី ហ្សិនហ្សូ អាបេ តាំងតាំងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន។
សមិទ្ធផលដែលគេកត់សម្គាល់បានក្នុងអាណត្តិលោកជារដ្ឋមន្ត្រីការបរទេសគឺការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ២០១៦ និងបានបញ្ចប់កិច្ចព្រមព្រៀងជាមួយកូរ៉េខាងត្បូងដែលជប៉ុនផ្ដល់សំណងដល់ជនរងគ្រោះពីឧក្រិដ្ឋកម្មរបស់ទាហានខ្លួនលើនារីកូរ៉េដែលយកទៅធ្វើជាទាសករផ្លូវភេទក្នុងអំឡុងសង្គ្រាមលោកលើកទី២។
លោកក៏មានទំនាក់ទំនងល្អមួយរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ផងដែរដោយសារស្រាវីស្គី។ នេះដោយយោងតាមសារព័ត៌មាន New York time។
សារព័ត៌មាននោះបានសរសេរថា៖ «លោក គីស៊ីដា ខុសពីលោក អាបេ ត្រង់ចំណុចមួយគឺលោកត្រូវបានគេស្គាល់ក្នុងបក្សថាជាអ្នកផឹកយ៉ាងសប្បាយម្នាក់។ មានឆ្នាំមួយ ក្នុងពិធីខួបកំណើតដល់លោក Lavrov និងបានផ្ដល់ការដូរជា Hibiki Whisky អាយុ២១ឆ្នាំមួយដបដល់លោក Lavrov ជាការឆ្លើយតបរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានផ្ញើសៀវភៅក្រាស់មួយដល់លោក គីស៊ីដា ដែលនៅពេលបើកសៀវភៅនោះលោកបានឃើញដបស្រា Vodka មួយដបនៅខាងក្នុងនោះ។ លោក គីសីដា បានសរសេរថា «ប្រសិនបើយើងផឹក យើងជាមិត្តនឹងគ្នា។ ទំនាក់ទំនងដែលភាគីទាំងពីរអាចនិយាយដោយត្រង់ៗ គឺជាជំហានដំបូងដើម្បីសន្តិភាពអន្តរជាតិ»។
លោកបានក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រជប៉ុននៅខែតុលា ឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។ បច្ចុប្បន្នមានអាយុ៦៦ឆ្នាំ មានកូន៣នាក់។
លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសឱ្យដឹងដែរថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ីដា ហ្វូមីអូ នឹងមានជំនួបទ្វេភាគីដើម្បីពិភាក្សាការងារជាមួយនឹងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន អំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររួមមាន វិស័យពាណិជ្ជកម្មនិងការវិនិយោគ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិនិងសន្តិសុខ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ព្រមទាំងវិស័យផ្សេងៗទៀត។
នាយករដ្ឋមន្រ្តីទាំងពីរ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាស្តីពីបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាផលប្រយោជន៍ និងក្តីបារម្ភរួមផងដែរ។ នៅចុងបញ្ចប់នៃជំនួប នាយករដ្ឋមន្រ្តីទាំងពីរ នឹងអញ្ជើញធ្វើសន្និសីទកាសែតរួមគ្នា។ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងជប៉ុន នឹងត្រូវចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ៕