ភ្នំពេញ៖ ប្រធានាធិបតីចិនបានឲ្យដឹងថា ប្រទេសចិននឹងនាំចូលផលិផលកសិកម្មបន្ថែមកាន់តែច្រើនពីកម្ពុជា ដើម្បីអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរឱ្យមានប្រសិទ្ធភាព និងរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។
ការលើកឡើងនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
លោកប្រធានាធិបតីចិនលើកឡើងថា បច្ចុប្បន្នដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូចនេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន។ ជាមួយគ្នានេះ ប្រទេសចិននឹងនាំចូលផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕