ភ្នំពេញ៖ ប្រធានាធីបតីចិន លោក ស៊ី ជិនពីង នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានៅក្នុងពេលសមស្របណាមួយ។ នេះបើតាមការបញ្ជាក់របស់លោកតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
លោកបានបញ្ជាក់ចំពោះសម្ដេចតេជោក្នុងជំនួបតាមទូរស័ព្ទនារសៀលថ្ងៃទី១៨ ខែមីនា នេះថាលោកនឹងឱ្យស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង មកកម្ពុជានាពេលខាងមុខ។ ក្នុងឱកាសនោះលោកក៏បានអញ្ចើញសម្ដេចតេជោឱ្យទៅធ្វើទស្សនកិច្ចនៅប្រទេសចិននៅពេលខាងមុខដូចគ្នាផងដែរ។
លោក ស៊ី ជិនពីង បច្ចុប្បន្នជាអគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានាធិបតីរបស់សាធារណៈរដ្ឋប្រជាមានិតចិន ព្រមទាំងជាប្រធាននៃកម្មាធិការយោធាមជ្ឈឹមរបស់ប្រទេសចិនផងដែរ។ ក្នុងនាមជាប្រធានាធិបតី លោកធ្លាប់ទទួលបានងារក្រៅផ្លូវការមួយថាជា «មេដឹកនាំដ៏ខ្ពង់ខ្ពស់» ម្នាក់។
គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ លោក ស៊ី ជិនពីង ក៏បានបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃមកកម្ពុជាផងដែរ។