គ.ជ.ប ចាប់ផ្តើមទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ-អន្តរជាតិ សម្រាប់ការត្រៀមបោះឆ្នោតសាកល្បងតាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ តាមរយៈសេចក្តីជូនដំណឹងមួយដែលចេញផ្សាយនៅថ្ងៃអង្គារ៍ ទី០១ ខែមិថុនានេះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើការជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ទាំងអស់ពាក់ព័ន្ធនឹងការយកព័ត៌មានអំពីដំណើរការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់ គោលដៅចំនួន ២៥ នៃរាជធានី ខេត្ត ទាំងអស់ទូទាំងប្រទេស ខណៈដែលអ្នកសារព័ត៌មានទាំងអស់ត្រូវមានបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានដែលទទួលស្គាល់និងចេញដោយ គ.ជ.ប។ដើម្បីទទួលបានបណ្ណសម្គាល់ខ្លួន អ្នកសារព័ត៌មានត្រូវដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មាន ដែលផ្តល់ជូនដោយឥតគិតថ្លៃពី គ.ជ.ប។
ក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ថា សម្រាប់ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជាត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា៖
- ច្បាប់ចម្លងប្រកាសអនុញ្ញាតដោយក្រសួងព័ត៌មាន
- លិខិតបញ្ជាក់ ឬលិខិតស្នើសុំធ្វើបណ្ណអ្នកសារព័ត៌មាន គ.ជ.ប ពីសាមីអង្គភាព
- ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មាន ឬសមាគម ឬបណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាម៉ីអង្គភាព
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ
- ច្បាប់ចម្លងនៃលិខិតឆ្លងដែន (សម្រាប់ជនបរទេស) ។
- ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលពុំមានការិយាល័យអចិន្រ្តៃយ៍នៅក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវភ្ជាប់មកជាមួយនូវ៖
- ច្បាប់ចម្លងនៃលិខិតឆ្លងដែន
- បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់សាម៉ីអង្គភាព
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ
- ការដាក់ពាក្យសុំចុះឈ្មោះជាអ្នកសារព័ត៌មានឯករាជ្យ ត្រូវភ្ជាប់មកជាមួយនូវ៖
- ច្បាប់ចម្លងនៃបណ្ណអ្នកសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មាន ឬសមាគមអ្នកសារព័ត៌មាន
- ប្រវត្តិរូបសង្ខេបមានបិទរូបថត និងរូបថត ៤x៦ ចំនួន ១សន្លឹកទៀត សម្រាប់ធ្វើបណ្ណ
និងអត្ថបទចុងក្រោយ ដែលបានសរសេរចុះផ្សាយក្នុងសារព័ត៌មានស្របច្បាប់អំឡុងឆ្នាំចុងក្រោយចំនួន ៣ អត្ថបទ។
ដោយឡែក ចំពោះពាក្យសុំ និងបែបបទសម្រាប់សុំបណ្ណ សម្គាល់ខ្លួនជាអ្នកសារព័ត៌មាន មានផ្តល់ជូននៅទីស្តីការ គ.ជ.ប (ជាន់ទី៨ បន្ទប់ B) និងអាចទាញពីគេហទំព័រ គ.ជ.ប ដោយផ្ទាល់តាមរយៈអាស័យដ្ឋាន www.nec.gov.kh ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១។ នៅពេលបានបំពេញបែបបទតាមទម្រង់រួចរាល់ហើយ អ្នកសារព័ត៌មានអាចយកពាក្យមកដាក់ដោយផ្ទាល់នៅ គ.ជ.ប ឬអាចផ្ញើតាមរយៈ E-mail: info@nec.gov.kh(link sends e-mail) ឬ Telegram (០៩៣ ៨០២ ៧៣៤) ។
សូមអាននូវសេចក្តីជូនដំណឹងនៅខាងក្រោមនេះ៖