អន្តរជាតិ៖ ប្រធានាធិបតី Joe Biden បានប្រកាសផ្តល់ជំនួយផ្នែកសន្តិសុខចំនួន ៨០០លានដុល្លារបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ ទី១៦ ខែមីនា បន្ទាប់ពីមានការអំពាវនាវជាបន្ទាន់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy។
លោក Biden បាននិយាយថាបន្ទាប់ពីផ្តល់ជំនួយសន្តិសុខចំនួន ១ពាន់លានដុល្លារដល់អ៊ុយក្រែនរួចមក អាមេរិកនឹងបន្តផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីប្រយុទ្ធជាមួយរុស្ស៊ីបន្តទៀត ហើយក៏ផ្តល់ជំនួយមនុស្សធម៌ និងគាំទ្រសេដ្ឋកិច្ចបន្ថែមទៀតផងដែរ។
តាមសំណើរបស់លោក Zelenskiy ទីក្រុងវ៉ាស៊ីនតោននឹងជួយអ៊ុយក្រែនឱ្យទទួលបានប្រព័ន្ធប្រឆាំងយន្តហោះរយៈចម្ងាយឆ្ងាយបន្ថែម ហើយក៏ផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងពាសដែក យន្តហោះគ្មានមនុស្សបើក និងអាវុធតូចៗចំនួន ៧ពាន់ដើម ដូចជាកាំភ្លើងយន្ត កាំភ្លើងបាញ់ និងគ្រាប់គ្រាប់បែកដៃផងដែរ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយថា៖ «ឥឡូវនេះខ្ញុំកំពុងធ្វើសកម្មភាពជំនួយសន្តិសុខបន្ថែម ដើម្បីបន្តជួយអ៊ុយក្រែនទប់ទល់នឹងការវាយលុករបស់រុស្ស៊ី ដែលជាជំនួយបន្ថែមចំនួន ៨០០លានដុល្លារ។ វារួមបញ្ចូលទាំងប្រព័ន្ធប្រឆាំងយន្តហោះផងដែរ»។
នៅក្នុងសុន្ទរកថាទៅកាន់សភា លោក Zelenskiy បានប្រៀបធៀបការវាយប្រហារនៅអ៊ុយក្រែនទៅនឹងការវាយប្រហាររបស់ជប៉ុនលើកំពង់ផែ Pearl Harbor ដែលបានទាញសហរដ្ឋអាមេរិកចូលទៅក្នុងសង្រ្គាមលោកលើកទីពីរ ហើយបានអង្វរសមាជិកសភា និងលោក Biden ដោយផ្ទាល់សម្រាប់ជំនួយបន្ថែមទៀត។
លោកថា៖ «នេះគឺជាភាពភ័យខ្លាចដែលអឺរ៉ុបមិនបានឃើញអស់រយៈពេល ៨០ឆ្នាំមកហើយ ហើយយើងកំពុងស្នើពិភពលោកទាំងមូលឱ្យរក្សាជីវិតរបស់យើងពីភាពភ័យខ្លាចនេះ»។
ជាមួយគ្នានេះដែរ លោក Biden ក៏បានហៅការបង្កើតតំបន់គ្មានការហោះហើរលើអ៊ុយក្រែនថាជា «សង្គ្រាមលោកលើកទីបី» ហើយមន្ទីរបញ្ចកោណបានបដិសេធសំណើបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន៕