មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថាសុខភាពអ្នកជាពីជំងឺកូវីដ-១៩ អាចមានភាពធូរស្រាលក្នុងរយៈពេលពី៦ ទៅ១២ខែ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន អះអាងថាអាការៈបញ្ហាសុខភាពមួយចំនួនដែលកើតមានឡើងទៅលើអ្នកដែលជាសះស្បើយពីជំងឺកូវីដ-១៩ អាចមានភាពប្រសើរឡើងនិងបាត់ទៅវិញក្នុងរយៈពេលពី៦ ទៅ១២ខែ តែក៏មានអ្នកខ្លះមិនធូរស្បើយទៅវិញដោយផ្អែកលើស្ថានភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលនោះជាក់ស្ដែង។
លោកស្រីបានឲ្យដឹងថា រោគសញ្ញាដែលនៅសេសសល់បន្តក្នុងរយ:ពេលប្រហែលជាមួយឆ្នាំក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ គេសង្កេតឃើញមានដូចជាឆាប់ នឿយហត់ ឬមានអារម្មណ៍ថាដូចជាខ្សោយជាងមុនពេលឈឺ ដកដង្ហើមមិនបានវែង ឬពិបាកដកដង្ហើម មានអារម្មណ៍ថាថប់ៗដង្ហើម បន្តនៅក្អកខ្លះៗ អាចឈឺសន្លាក់ដៃជើង ឈឺដើមទ្រូង មានបញ្ហាការចងចាំ សម្រាន្តមិនសូវលក់ ឈឺសាច់ដុំ ឬឈឺក្បាល បេះដូងដើរញាប់ជាងមុន និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។
លោកស្រីបញ្ជាក់ថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្របរទេស លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត ហើយបញ្ហាទាំងអស់នេះនឹងធ្វើឲ្យអ្នកជំងឺងាយទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ ម្ដងទៀត។
លោកស្រីបន្តថា រោគសញ្ញាខាងលើនេះនឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្ដោយខ្លួនឱ្យមានការឆ្លងកូវីដ-១៩ ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។
ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រក៏មិនទាន់អាចបញ្ជាក់ឱ្យដឹងបានផងដែរថាតើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គបុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយ:ពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឱ្យមានការសិក្សាច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ៕