ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម លោក ងិន ឆាយ បានឱ្យដឹងថាដើម្បីបង្ករភាពងាយស្រួលក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីផ្សារអន្តរជាតិបាន លុះត្រាតែបំពេញកត្តា៤យ៉ាង ដូចជាធ្វើយ៉ាងណាផលិតផលមានគុណភាពល្អ មានស្តង់ដាភូតគាមអនាម័យ ថ្លៃដើមទាប ហើយការដឹកជញ្ជូនមានលក្ខណៈប្រកួតប្រជែង។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ងិន ឆាយ បានបញ្ជាក់ថា ទោះបីជាកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ពិតមែន ប៉ុន្តែមិនមែនបានន័យថាសុទ្ធតែនាំចេញស្រួលៗទេ ត្រូវតែបំពេញលក្ខខណ្ឌបច្ចេកទេស និងភូតគាមអាណាម័យ ហើយតម្រូវតាមលក្ខខណ្ឌបច្ចេកទេស និងភូតគាមអានាម័យ ដែលត្រូវធ្វើការងារច្រើនដើម្បីសម្រេចបានការនាំចេញ។
លោកបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) អនុញ្ញាតឱ្យមានការធ្វើពាណិជ្ជកម្មដោយសេរីលើទីផ្សារផលិតផលកសិកម្មដោយជាប់របាំងពន្ធគយក្នុងកម្រិតទាបជាងមុន ឬពុំជាប់របាំងពន្ធគយទាំងស្រុង។
លោកថា៖ «ដើម្បីទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គ្រប់ភាគីពាក់ព័ន្ធចាំបាច់ត្រូវតែចូលរួមដោះស្រាយលើបញ្ហាប្រឈមពាក់ព័ន្ធដូចជា កិច្ចសម្រួលពាណិជ្ជកម្ម ការត្រួតពិនិត្យ តាមដាននិងវាយតម្លៃ ការផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីទីផ្សារ សមត្ថភាពផលិតតាមស្តង់ដារ ជាពិសេសស្តង់ដារអនាម័យនិងភូតគាមអនាម័យ សុវត្ថិភាពចំណីអាហារ របាំងបច្ចេកទេសលើពាណិជ្ជកម្ម ប្រកបដោយភាពប្រកួតប្រជែង និងបំពេញបាននូវលក្ខខណ្ឌតម្រូវក្នុងការនាំចេញ»។
បើតាមលោក ងិន ឆាយ គោលដៅបំពេញលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ ចាំបាច់ត្រូវធ្វើការអភិវឌ្ឍប្រព័ន្ធផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព ដោយឈរលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្មរួមមាន តម្លៃជាអាទិភាព ពង្រឹងកិច្ចសម្របសម្រួល និងកិច្ចអន្តរាគមន៍ប្រទាក់ក្រឡា ឬបំពេញបន្ថែមឱ្យគ្នានៃក្រសួង-ស្ថាប័នជាតិពាក់ព័ន្ធ និង ពង្រឹងភាពជាដៃគូរវាង រដ្ឋ ឯកជន សហគមអ្នកផលិត និងដៃគូអភិវឌ្ឍ។
គួរបញ្ជាក់ផងដែរថា ការនាំចេញកសិផលក្នុងឆ្នាំ២០២១ ផ្អែកលើប្រព័ន្ធទិន្នន័យភូតគាមអនាម័យជាតិ មានបរិមាណសរុប ៧,៩៨លានតោន ទៅកាន់ទិសដៅ ៦៨ប្រទេស កើនឡើង ៣,១១លានតោន ស្មើនឹង ៦៣,៨៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៤,៨៧លានតោន៕








PHOTO: EAC NEWS

