(ព្រៃវែង) : អភិបាលខេត្តព្រៃវែង លោក ជា សុមេធី នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានបង្ហោះសារក្នុងទំព័រហ្វេសបុករបស់លោកដោយបានបញ្ជាក់ថា "អ្នកល្មើសបម្រាមនៅតែមាន" ថ្ងៃនេះមានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី ហើយបានរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់បន្ថែមទៀតដែលគាត់ជាអ្នកស្រុកស៉ីធរកណ្ដាលមកពីរាជធានីភ្នំពេញ។
បុគ្គលទាំង ៥នាក់នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀតបន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ នេះជាការបញ្ជាក់បន្ថែមរបស់អភិបាលខេត្តព្រៃវែង។
ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វើដំណើរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដើម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានបន្តថា ក្នុងនាមអាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូន ទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។
សារចុងក្រោយរបស់លោកអភិបាលខេត្តព្រៃវែង បានសរសេរថា “ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច”។
សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ ទាំង៥នាក់ នៅស្រុកស៉ីធរកណ្តាល រួមមាន៖
* ទី១៖ ឈ្មោះ យ៉ន ឡាំងហួយ ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិឫស្សីសាញ់ ឃុំឫស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាឫស្សីសាញ់ គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩ ។
* ទី២៖ ឈ្មោះ ខោល នីន ភេទស្រី អាយុ៤៤ឆ្នាំ នៅភូមិចុងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសាឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។
* ទី៣៖ ឈ្មោះ ណែម ណុប ភេទប្រុស អាយុ១២ឆ្នាំ នៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័កនៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។
* ទី៤៖ ឈ្មោះ ធា ណែត ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩។
ទី៥៖ ឈ្មោះ ឡាតចាន់ ណក់ ភេទ ស្រី អាយុ៣២ឆ្នាំ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល កំពុងចត្តាឡីស័ក នៅសាលាបឋមសិក្សាពោធិ៍ទី គាត់មកពីភ្នំពេញ មកដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានយកសំណាកទៅពិនិត្យថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ យកលើកទី១ លទ្ធផលវិជ្ជមានកូវីដ-១៩៕