សៀមរាប៖ បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» គឺថ្ងៃនឹងយប់ស្មើគ្នានឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់នឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ខាងមុខ ពោលគឺនៅថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ។
បុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្ស ប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានបញ្ជាក់ប្រាប់អាជ្ញាធរអប្សរាថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តសម្រាប់ឆ្នាំ២០២២នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង ហើយអាចនៅថ្ងៃទី២២ ខែកញ្ញា នឹងកើតមានម្ដងទៀត។
លោកបន្ថែមថា៖ «ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង»។
លោក អ៊ឹម សុខរិទ្ធី ឱ្យដឹងថាការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិឱ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លី ការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿផង។ អាចនិយាយបាន ថាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះចំណែកឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោកគឺ «មិនអាចរៀបចំដូច្នេះបានទេ»។
បើតាមអាជ្ញាធរអប្សរា ថ្វីត្បិតតែក្នុង១ឆ្នាំៗ ព្រឹត្តិការណ៍ពិសេសសមរាត្រី នឹងថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តអាចកើតឡើងក្នុង១ឆ្នាំ២ដងក្តី ក៏ប៉ុន្តែ បាតុភូតនោះកើតឡើងមិនដូចគ្នាទេ។ កាលពីឆ្នាំ២០១៩កន្លងទៅ(សមរាត្រី)ព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តបានកើត ឡើងនៅថ្ងៃទី២០ ខែមីនា ចាប់ពីព្រឹកព្រលឹមស្រាងៗ ដោយគេអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ(ខ្លោងទ្វារធំប៉ែកខាងលិច) អំឡុងពេលចាប់ពីម៉ោង៥និង៥០នាទីដល់ម៉ោងប្រហែល៧ព្រឹក៕





