រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

អង្គការសុខភាពពិភពលោក អំពាវនាវឱ្យហៅឈ្មោះថ្មីនៃមេរោគកូវីដ-១៩

ពិភពលោក៖ អង្គការសុខភាពពិភពលោក ឬ world Health Organization (WHO) បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា សម្រាប់ប្រភេទបំលែងខ្លួនថ្មីនៃវីរុសកូវីដ-១៩ នឹងត្រូវបានហៅឈ្មោះតាមតួអក្សរក្រិកវិញ ជំនួសឱ្យការហៅឈ្មោះប្រទេសដែលជាប្រភពដើមនៃការរកឃើញប្រភេទបំលែងថ្មីនៃវីរុសសកលនេះ។ យ៉ាងណាក្តី បើតាមលោកស្រី Maria Van Kerkhove ប្រធានផ្នែកបច្ចេកទេសនៃអង្គការសុខភាពពិភពលោកបានបន្ថែមថា ឈ្មោះថ្មីដែលត្រូវបានដាក់នេះ មិនមែនដើម្បីបំបាត់ឈ្មោះតាមបែបវិទ្យាសាស្រ្តដែលបានដាក់កន្លងមកឡើយ។

ស្ថិតក្រោមប្រព័ន្ធនៃការដាក់ឈ្មោះថ្មីនេះ ប្រភេទវីរុស B.1.1.7 ដែលរកឃើញដំបូងនៅចក្រភពអង់គ្លេសត្រូវបានគេហៅថា Alpha, ប្រភេទ B.1.351 ដែលរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងហៅថា Beta និងប្រភេទ P.1 ដែលរកឃើញនៅប្រេស៊ីលត្រូវបានគេហៅថា​ Gamma ជាដើម។ ដោយឡែក សម្រាប់ប្រភេទដែលកំពុងវិវត្តន៍ និងបណ្តាលឱ្យមានការព្រួយបារម្ភពីការគំរាមកំហែងបន្តទៀតនៅប្រទេសឥណ្ឌា ក៏ត្រូវបានគេហៅឈ្មោះថ្មីដែរដូចជា B.1.617.2 ហៅថា Delta និងប្រភេទ B.1.617.1 ហៅថា Kappa​ ដែលជាការហៅតាមអក្ខរក្រមរបស់ក្រិក។

ការហៅឈ្មោះថ្មីនេះ គោលបំណងធំបំផុតដែលគេមើលឃើញ គឺដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងភាពរើសអើងទៅកាន់ប្រទេសដែលជាទីតាំងដើមនៃការរកឃើញប្រភេទវីរុសបំលែងខ្លួននេះ។ បើតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថា មនុស្សជុំវិញពិភពលោកតែងតែនិយមហៅប្រភេទវ៉ារ្យ៉ង់ថ្មីទៅតាមឈ្មោះប្រទេសដែលរកឃើញដែលជាដើមហេតុនាំឱ្យមានភាពអាម៉ាស និងការស្អប់ខ្ពើមរវាងមនុស្សជាតិ ខណៈស្ថាប័នទទួលបន្ទុកទៅលើបញ្ហាសុខភាពសកលនេះក៏បានអំពាវនាវឱ្យប្រព័ន្ធព័ត៌មាន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយនូវការដាក់ចេញឈ្មោះថ្មីនេះឱ្យបានទូលំទូលាយផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក