សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ភូមិកុមារថ្មីមួយទៀតត្រូវបានដាក់ឱ្យប្រើប្រាស់ដោយនាយករដ្ឋមន្ត្រីកម្ពុជា

ព្រៃវែង៖ ភូមិកុមារ SOS ព្រៃវែង ជាភូមិមួយរបស់អង្គការភូមិកុមារ SOS កម្ពុជា ដែលបានចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា កុមារដែលត្រូវបានបោះបង់ចោល និងកុមារដែលមានការថែទាំងមិនសមរម្យ ដែលមានទីតាំងនៅភូមិ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង មានទំហំផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រការ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ នេះក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារនៅថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍រម្លឹកពីប្រវត្តិនៃការសម្ពោធភូមិកុមារ SOS តាំងពីភូមិទី១ រហូតមកដល់បច្ចុប្បន្ន។ សម្ដេចតេជោ បានអរគុណរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង ដែលបានផ្ដល់ដីដល់អង្គការឱ្យបានសាងសង់ និងអរគុណដល់អង្គការភូមិកុមារ SOS ដែលបានបន្តជួយដល់កម្ពុជា។ សម្ដេចថាបន្ទាប់ពីបញ្ចប់សង្គ្រាមប្រទេសកម្ពុជាជាប្រទេសមួយដែលមានកុមារកំព្រាច្រើនជាងគេដែលជាបន្ទុកមួយដល់រដ្ឋាភិបាលត្រូវដោះស្រាយ។

សម្ដេចតេជោថ្លែងថា៖ «យើងក៏មានមោទនភាពដោយសារកុមាររបស់យើងទទួលបានការអប់រំនិងការបណ្ដុះបណ្ដាល តាំងពីកុមារនៅតាមមណ្ឌលកុមារកំព្រា រួមទាំងកុមារដែលរស់នៅទីនេះ ដែលអាចទទួលបានការអប់រំច្រើនជាងកុមារដែលនៅតាមផ្ទះទៅទៀត»។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត បានថ្លែងថានេះជាភូមិកុមារទី៧ ហើយអង្គការ SOS អន្តរជាតិបានកសាងនៅកម្ពុជាចាប់

តាំងពីឆ្នាំ១៩៩៩ ដែលមាននៅរាជធានីភ្នំពេញ ខេត្កសៀមរាប បាត់ដំបង រតនគិរី ក្រចេះ កំពត។ លោកបញ្ជាក់ថា ការសាងសង់ភូមិនេះត្រូវបានសាងសង់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំណាយថវិការសាងសង់ជាង ១លាន៥សែនដុល្លារអាមេរិក។

ភូមិនេះទទួលកុមារមកស្នាក់នៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដែលមានកុមារចំនួន២៧កំពុងស្នាក់នៅ ក្រោមការថែទាំងរបស់ម្ដាយចំនួន៥នាក់ និងបុគ្កលិកចំនួន១០នាក់។

លោករដ្ឋមន្ត្រី វង សូត បានថ្លែងថា៖ «ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រជាជាតិកម្ពុជាត្រូវបានសង្គ្រោះឱ្យរស់ឡើងវិញ និងមានការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនោះវិស័យសុខុមាលភាពកុមារ ត្រូវបានចាត់ទុកជាវិស័យអាទិភាពចម្បងមួយ ដែលធ្វើឱ្យកម្ពុជាសម្រេចបានគោលដៅសំខាន់ៗជាច្រើន នៃគោលដៅអភិវឌ្ឍសហវត្សពាក់ព័ន្ធទៅនឹងសិទ្ធិជាមូលដ្ឋានទាំងបួនរបស់កុមារ ដែលសមិទ្ធផលទាំងអស់នោះ ពិតជាមានការរួមចំណែកពីអង្គការភូមិកុមារ SOS អន្តរជាតិផងដែរ»។

ចាប់តាំងពីឆ្នាំ១៩៩៩ អង្គការភូមិកុមារ SOS អន្តរជាតិបានកសាងភូមិកុមារចំនួន៧នៅកម្ពុជាដែលបានផ្ដល់ឱកាសការងារដល់អ្នកគ្រប់គ្រងបុគ្គលិក អ្នកម្ដាយថែទាំកុមារ លោកគ្រូ អ្នកគ្រូ សរុបចំនួន ៣៤៥នាក់ និងបានផ្ដល់សេវាដល់កុមារ និងយុវជនកំពុងស្នាក់នៅសរុប ៧៥៥នាក់ និងបានផ្ដល់ឱកាសសិក្សាដល់សិស្សចំនួន ១៤៩៦នាក់។

ប្រធានអង្គការភូមិកុមារ SOS អន្តរជាតិ លោក Dereje Wordofa បានថ្លែងក្នុងពិធីនាថ្ងៃនេះថា ការដាក់សម្ពោធភូមិកុមារថ្មីនៅខេត្តព្រៃវែងនាថ្ងៃនេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការភូមិកុមារ SOS អស់រយៈពេលជាងពីរទស្សវត្សកន្លងមកនេះ។ លោកបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុញ្ញាតដល់អង្គការរបស់លោកបានចូលរួមក្នុងការចូលរួមជួយដល់កុមារកម្ពុជាតាំងពីប្រទេសកម្ពុជាបានស្ថានូវសន្ដិភាពឡើងវិញក្នុងទស្សវត្សទី៩០។

លោកថា៖ «ការជឿជាក់លើទំនាក់ទំនងនឹងជួយឱ្យពួកគេមានភាពរឹងមាំក្នុងការប្រឈមនឹងបញ្ហាក្នុងជីវិត។ ដូចសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជ្រាបស្រាប់ហើយថា កុមាររឹងមាំ មានន័យថាប្រទេសជាតិខ្លាំងក្លា។ […] នៅពេលដែលកុមារ និងយុវជនគ្រប់រូបទទួលបានជោគជ័យប្រទេសជាតិបោះជំហានទៅមុខ ហើយតាមរយៈនេះ វានឹងក្លាយជាប្រយោជន៍ដល់ពិភពលោកទាំងមូល» ។

លោកបានអំពាវនាវដល់រដ្ឋាភិបាលកែលម្អវិធានការគោលនយោបាយ និងបង្កើនថវិការជាតិ សំដៅកាត់បន្ថយស្ថានភាពទាំងឡាយដែលមានហានិភ័យចំពោះកុមារ និងពិចារណា ការថែទាំបែបគ្រួសារ នៅក្នុងគោលនយោបាយថៃទាំជំនួសជាតិ និងបង្កើតសំណាញ់សុវត្ថិភាពសង្គមជុំវិញគ្រួសារ ដើម្បីការពារកុមារពីកុមារពីភាពក្រីក្រ អំពើហិង្សា និងទុក្ខលំបាកផ្សេងៗ។ សុខភាពផ្លូវចិត្តត្រូវតែជាធាតុផ្សំសារវន្តរបស់កម្មវិធី។

ភូមិកុមារ SOS ព្រៃវែងមានអាគារសរុប៩ខ្នង ដែលមានអាគារការិយាល័យ និងសិល្បៈ ១ខ្នង អាគារផ្ទះគ្រួសារ៤ខ្នង ផ្ទះនាយកភូមិ និងបុគ្គលិក ១ខ្នង ផ្ទះអាហាររូបត្ថម្ភ ១ខ្នង និងអាគារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១ខ្នង។ អង្គការភូមិកុមារ SOS គ្រោងនឹងបង្កើតភូមិកុមារ១ទៀតដែលជាភូមិទី៨ នៅក្នុងខេត្តត្បូងឃ្មុំនាពេលខាងមុខ។

អង្គការ SOS អន្តរជាតិ ហៅកាត់ថា (SOS-KDI) បានបង្កើតឡើងនៅឆ្នាំ១៩៤៩ ដោយវេជ្ជបណ្ឌិត ហ័រម៉ាន ម៉ៃន័រ មានទីស្នាក់ការនៅទីក្រុង Innburck ប្រទេសអូទ្រីស។ មានបេសកម្មសំដៅធានាដល់ប្រយោជន៍របស់កុមារ ដោយលើកកម្ពស់គុណតម្លៃនៃការថែទាំសុខមាលភាពកុមារ ដែលត្រូវការការថែទាំរួមមាន កុមារកំព្រា កុមារបាត់បង់ការថែទាំពីឪពុកម្ដាយ ឬត្រូវបានឪពុកម្ដាយបោះបង់ចោល និងកុមារងាយរងគ្រោះជាដើម។

បច្ចុប្បន្នអង្គការនេះកំពុងបំពេញការងារនៅក្នុងប្រទេសចំនួន១៣៦ នៅលើពិភពលោក ដែលក្នុងនោះមានកម្ពុជាផងដែរ ដែលបានចូលជាសមាជិកនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០១៕ 

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក