បុរសជនជាតិថៃម្នាក់ត្រូវជាប់គុកអស់មួយជីវិតបន្ទាប់ពីរំលោភសម្លាប់ មន្ត្រីការទូតស្វីស ក្នុងខេត្តភូកេត
អន្តរជាតិ៖ បុរសថៃម្នាក់ ដែលព្យាយាមចាប់រំលោភអ្នកការទូតស្វីសម្នាក់ រួចសម្លាប់នៅខេត្តភូកេត ត្រូវជាប់គុកអស់មួយជីវិត។
ជនជាប់ចោទឈ្មោះ Teerawat Thothip អាយុ ២៧ឆ្នាំបានរំលោភជនជាតិស្វីសម្នាក់ឈ្មោះ Nicole Sauvain-Weisskopf អាយុ ៥៧ឆ្នាំ ខណៈពេលដែលគាត់កំពុងអង្គុយនៅក្នុងអាងធម្មជាតិនៅឯទឹកជ្រោះ Ao Yon ក្នុងខេត្ត Phuket ប្រទេសថៃកាលពីថ្ងៃទី៣ ខែសីហាឆ្នាំមុន។
គាត់បានសារភាពថា គាត់បានច្របាច់ក ជ្រមុជក្បាលជនរងគ្រោះនៅក្នុងទឹករាក់ បន្ទាប់មកហែកខោអាវ ដើម្បីព្យាយាមរំលោភ និងលួចលុយ ៣០០បាត ស្មើនឹង ៨,៩៧ដុល្លារ។
អ្នកស្រុកបានរកឃើញសាកសពរបស់ Nicole ដែលជាអនុប្រធានពិធីការនៃសភាសហព័ន្ធនៃប្រទេសស្វីសភ្លាមៗ ប៉ូលីសក៏បានចាប់ផ្តើមការស៊ើបអង្កេតឃាតកម្ម និងការរំលោភ។
ជនជាប់ចោទ Teerawat ត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្ម នៅថ្ងៃទី៨ ខែសីហា ហើយបានឱ្យទៅធ្វើត្រាប់តាមនូវសកម្មភាពសម្លាប់នោះ។
ជនជាប់ចោទត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំង និងកាត់ទោសនៅតុលាការភូកេត កាលពីរសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ពីបទឃាតកម្ម និងកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារគាត់សារភាពថាមានពិរុទ្ធពីបទឃាតកម្ម ការប៉ុនប៉ងរំលោភសេពសន្ថវៈ ។
ប្តីរបស់ជនរងគ្រោះឈ្មោះ Mark Emal Soven និងកូនប្រុសពីរនាក់បានមើលពីប្រទេសស្វីសតាមតំណភ្ជាប់វីដេអូ ខណៈដែលសាលក្រមកំពុងកាត់ក្តី។
ប៉ូលិសក៏បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Nicole។
អ្នកនាំពាក្យម្នាក់បាននិយាយថា "យើងសូមថ្លែងអំណរគុណចំពោះមន្ត្រីស៊ើបអង្កេតដែលពាក់ព័ន្ធ ព្រះរាជអាជ្ញា និងតុលាការខេត្តភូកេត ដែលបាននាំឃាតករមកកាត់ទោស។
ជនជាប់ចោទ Teerawat បានប្រាប់ប៉ូលិសថា គាត់បានដើរតាមពីក្រោយស្ត្រីនោះ ហើយចាប់គាត់ ហើយគាត់ក៏បានព្យាយាមរើដែរ។ ក្រោយមកក៏បានជ្រមុជក្បាលគាត់ទៅក្នុងទឹករហូតដល់សន្លប់ហើយដាច់ខ្យល់ស្លាប់។ ជនជាប់ចោទ បាននិយាយថា បានទាញ Nicole ឡើងលើច្រាំង ហើយបានដោះខោខ្លី និងខោក្នុងក្នុងបំណងរំលោភនាង ប៉ុន្តែឃើញមុខរបស់នាងប្រែជាស្លេក និង "បាត់បង់ចំណង់"។
ពេលនោះ Teerawat បានរត់គេចពីកន្លែងកើតហេតុ ដោយយកលុយមិនដល់ដប់ដុល្លារផង ដែលត្រូវបានលួចពីហោប៉ៅរបស់ជនរងគ្រោះ។
ឃាតករប្រាប់ប៉ូលិសថា ថ្ងៃកើតហេតុ ខ្ញុំបានទៅលេងទឹកជ្រោះរកផ្សិត ស្រាប់តែឃើញស្ត្រីបរទេសរូបនេះ ខ្ញុំក៏ទៅច្របាច់កពីក្រោយដើម្បីលួច ព្រោះមើលទៅមានលុយ៕