សម្ដេចតេជោ ថាធានាគារពិភពលោកអាចជួយសេដ្ឋកិច្ចកម្ពុជាបានតាមរយៈការជំរុញភាពជាដៃគូឲ្យកាន់តែខ្លាំងឡើង
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះវត្តមានរបស់អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាសុីខាងកេីត និងប៉ាសុីហ្វិក លោកស្រី Manuela V. Ferro ចំពោះដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានិងបានប្រាប់ទៅកាន់តំណាងធនាគារពិភពលោករូបនេះថា ធនាគារពិភពលោកអាចជួយដល់កម្ពុជាបានតាមរយៈការពង្រឹងភាពជាដៃគូជាមួយនឹងប្រទេសកម្ពុជា។
នៅក្នុងជំនួបនៅទីស្ដីការគណៈរដ្ឋមន្ត្រីនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ជាមួយលោកស្រី Manuela V. Ferro សម្ដេចតេជោបានជម្រាបជូនលោកស្រី អំពីយុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងកូវីដ-១៩ របស់កម្ពុជា ដែលមិនត្រឹមតែជំរុញទៅរកការថែរក្សាសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយដល់សេដ្ឋកិច្ចជាតិផងដែរ។ សម្ដេចបានជម្រាបដល់លោកស្រីថាធនាគារពិភពលោកអាចជួយសេដ្ឋកិច្ចកម្ពុជាបានដោយជំរុញភាពជាដៃគូ និងគម្រោងនានានៅកម្ពុជា។
ជំនួយការសម្ដេចតេជោគឺលោក អ៊ាង សុផល្លែត បានឲ្យអ្នកសារព័ត៌មានដឹងថា៖ «សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោកដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អក៏ដូចជា ភាពជាដៃគូល្អហើយអ្វីដែលធនាគារពិភពលោក អាចបន្តធ្វើទៀតនោះគឺជំរុញភាពជាដៃគូកាន់តែខ្លាំងឡើងនិងជំរុញរាល់គម្រោងដែលអាចធ្វើបានដើម្បីចំណែកជំរុញដល់សេដ្ឋកិច្ចកម្ពុជា»។
លោកស្រី Manuela V. Ferro បានសំដែងនូវការកោតសរសើរចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី19 របស់កម្ពុជា។ លោកស្រីក៏បង្ហាញនូវការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការចូលរួមជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញឲ្យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ផងដែរ៕