
រដ្ឋបាលខណ្ឌទួលគោក ជូនដំណឹងការបិទយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២ ដល់ប្រជាពលរដ្ឋសង្កាត់បឹងសាឡាង និងសង្កាត់ផ្សារដើមគរ
ភ្នំពេញ : នៅថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌទួលគោកបានប្រកាសដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ ផ្សារដើមគរ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ឲ្យបានជ្រាបថាយុទ្ធនាការចាក់វ៉ាក់សាំងដូសទី២សម្រាប់ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ដែលស្ថិតនៅសាលាបឋមសិក្សាបឹងសាឡាងនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០១ មិថុនា ឆ្នាំ២០២១ ខាងមុខនេះ។
រដ្ឋបាលខណ្ឌទួលគោក បានបន្តថាសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទាំង២ខាងលើ ដែលបានចាក់វ៉ាកសាំងដូសទី១រួចហើយអញ្ជើញមកចាក់វ៉ាក់សាំងដូសទី២ដែលមានទីតាំងនៅសាលាបឋមសិក្សាបឹងសាឡាង ស្ថិតក្នុងសង្កាត់បឹងសាឡាងដោយភ្ជាប់មកជាមួយនូវឯកសារចាក់វ៉ាក់សាំងលើកទី១។
រដ្ឋបាលខណ្ឌទួលគោក បន្ថែមទៀតថាសូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕