ភ្នំពេញ៖ របាយការណ៍របស់ MRC បញ្ជាក់ថាការអភិវឌ្ឍគួបផ្សំនឹងទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជះឥទ្ធិពលជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរមកលើអាងទន្លេមេគង្គក្រោម ដែលទាមទារឱ្យប្រទេសជាសមាជិកចាត់វិធានការជាបន្ទាន់នូវកិច្ចគាំពារផ្លូវទឹកសំខាន់សម្រាប់អាស៊ីអាគ្នេយ៍។
គណៈកម្មការទន្លេមេគង្គ ហៅកាត់ MRC បានចេញផ្សាយរបាយការណ៍របស់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នា២០២២នេះ ដែលបានអំពាវនាវដល់ប្រទេសជាសមាជិករួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម ព្រមទាំងប្រទេសនៅផ្នែកខាងលើទន្លេទាំងពីរ គឺប្រទេសចិន និងមីយ៉ាន់ម៉ា ធ្វើកិច្ចសហប្រតិបត្តិការនូវការទូតទឹកជាបន្ទាន់ ដើម្បីគាំ ពារទន្លេធំជាងគេបំផុតរបស់អាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជនរាប់លាននាក់នៅទូទាំងតំបន់នេះ ទ្រទ្រង់អាយុជីវិតប្រជាជនដែលកំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការប្រែប្រួលអាកាសធាតុ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវិត វង្សសូវុន (Prawit Wongsuwon) ដែលជាប្រធានក្រុមប្រឹក្សា MRC ថ្លែងថា ការទូតទឹកកាន់តែមានសារសំខាន់ខ្លាំងឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសទាក់ទិននឹងកំណើននៃចំនួនគម្រោងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័នទឹកដទៃ ទៀត ព្រមទាំងសកម្មភាពអភិវឌ្ឍន៍នានា ខណៈនៅក្នុងអាងទន្លេមេគង្គក្រោម ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បង្ហាញនូវផលវិបាកយ៉ាងខ្លាំងសម្រាប់សុខុមាលភាពសង្គម និងសេដ្ឋកិច្ចរួម។
នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC លោក អាន ពេជ្រហត្ថដា បានថ្លែងថា MRC បានធានាភាពជាដៃគូ ជាមួយនឹងមជ្ឈមណ្ឌលទឹកស្តីពីកិច្ចសហប្រតិបត្តិការឡានឆាងមេគង្គ និងធ្វើឱ្យប្រសើរឡើងនូវភាពជាដៃគូ ជាមួយនឹងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ខណៈកិច្ចសហប្រតិបត្តិការបែបនេះ បានផ្តល់ជាប្រយោជន៍រួចមកហើយ។
កាលពីឆ្នាំមុន MRC និងអាស៊ាន ក៏បានរៀបចំសម្ពោធនូវ «កិច្ចសន្ទនាស្តីពីសន្តិសុខទឹក» ដើម្បីជំរុញឱ្យមានដំណោះស្រាយបែបនវានុវត្តន៍ ចំពោះបញ្ហាប្រឈមដែលកើតមានសម្រាប់សន្តិសុខទឹកផងដែរ៕