
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានស្នើឲ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិត និងការលក់ដូរដីរដ្ឋ
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ស្នើដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ បញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី និងការលក់ដូរដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។
នៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិនៅរដ្ឋបាលខេត្តកែប កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានស្នើដល់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលស្រុក ឲ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៃដែនសមត្ថកិច្ចរបស់ខ្លួន។
លោកបន្តថា បច្ចុប្បន្នមានក្រុមជនខិលខូចមួយចំនួនបានប្រើប្រាស់ប្រជាពលរដ្ឋដោយការជួលឱ្យទន្ទ្រានដីឱ្យខ្លួនលក់ក្នុងតម្លៃថោកៗ និងពេលខ្លះប្រើប្រាស់ពលរដ្ឋដើម្បីជាខែលក្នុងការតវ៉ាជាមួយអាជ្ញាធរដើម្បីស្នើសុំកាត់ឆ្វៀលដីឱ្យខ្លួនថែមទៀតផង។
លោកបន្ថែមថា គ្មានជនណាម្នាក់មានសិទ្ធិទិញឬលក់ដីធ្លីនៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះនៅតាមបណ្ដាខេត្តនានាបានឡើយ។
លោកបានស្នើឱ្យពលរដ្ឋឈប់ចាញ់បោកមេខ្យល់ ឬក្រុមជនខិលខូច ដោយនាំគ្នាទៅទិញដី ឬទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ចំណែកក្រុមជនខិលខូច គួរបញ្ឈប់វប្បធម៌ចូលទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់តទៅទៀត ខណៈសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីមានករណីមិនប្រក្រតីជាច្រើនត្រូវបានរកឃើញ៕