
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន៖ «កាលសង្រ្គាមខ្លាចគ្រាប់ផ្លោងពួននៅត្រង់សេ ពេលនេះខ្លាចសត្រូវអត់ស្រមោលកូវីដ១៩ផ្លោងដាក់ យើងត្រូវនាំគ្នានៅផ្ទះ»
(ភ្នំពេញ) ៖ កាលសង្រ្គាមយើងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះយើងខ្លាចវីរុសកូវីដ-១៩ផ្លោងដាក់យើង យើងត្រូវនាំគ្នានៅផ្ទះដែលការនៅផ្ទះរបស់យើងវាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហើយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាកក្នុងការស្វែងរកការវាយលុក ហើយរកយើងមិនឃើញទៀតផង។ “នេះគឺជាសំណេររបស់លោកស្រីវេជ្ជបណ្ឌិត ឱ វ៉ាន់ឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ក្នុង telegram ផ្លូវការរបស់លោកស្រីនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ”។
លោកស្រី ឱ វ៉ាន់ឌីន បានសម្តែងការព្រួយបារម្ភ បានបញ្ចេញសំណេរដោយឃ្លោងឃ្លាថា៖ រន្ធត់ចិត្តពិត អាណិតរាស្ត្រខ្មែរ មិនគួរណាប្រែជាមានការភ័យ ដោយសារវីរុសកូវីដ-១៩ចង្រៃ មិនត្រាប្រណីសូម្បីកុមារតូច។ យើងអាចឈ្នះបាន ដោយការប្រណិបត្តិតាមវិធានការពិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំឈ្លៀសវៃមែនទែននាំរាស្ត្រខ្មែរនឹងបានស្រាកស្រាន្តទុក្ខភ័យ កូវីដចង្រៃសូមរលាយសូន្យ។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វ៉ាន់ឌីន បានបន្តទៀតថា ឥឡូវនេះវីរុសកូវីដ-១៩កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាននៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រើនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រើន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហើយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួនសូម្បីតែកូនតូចៗមិនថាអាយុតិច ឬច្រើននោះឡើយ។ ដូច្នេះ ប្រសិនបើបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ "៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជាបណ្តោះអាសន្ន"នោះទេអាយុជីវិតបុគ្គលណាម្នាក់ឬអាចមានច្រើននាក់នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហើយ។
លោកស្រី ឱ វ៉ាន់ឌីន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចងចាំថា "ពេលនេះសុខភាពនិងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួនគឺពឹងផ្អែកលើការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហើយ បើមិនចង់មានជំងឺកូវីដ-១៩ទេ នោះគឺត្រូវខិតខំអត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លីជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរដោយអនុវត្តវិធានការដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់ចេញជាបន្តបន្ទាប់នេះ ជាជាងការធ្វើដំណើរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គើន ឬមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ"។
អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា៕