អ្នកព័ត៌មានរុស្ស៊ីម្នាក់ ត្រូវបានតុលាការផាកពិន័យ ក្រោយលើកបដាតវ៉ាប្រឆាំងនឹងសង្រ្គាមនៅអ៊ុយក្រែនពេលកំពុងផ្សាយផ្ទាល់
អន្តរជាតិ៖ អ្នកកាសែតរុស្ស៊ីដែលបានរំខានការផ្សាយរបស់ទូរទស្សន៍រដ្ឋដោយកាន់បដាតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីល់ប្រទេសអ៊ុយក្រែន។
មានមតិជាច្រើនមានការភ័យខ្លាចថាអ្នកព័ត៌មាន Marina Ovsyannikova នឹងបាត់ខ្លួន បន្ទាប់ពីការតវ៉ារបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ រូបថតមួយសន្លឹកបានលេចចេញនៅរសៀលថ្ងៃអង្គារ បានបង្ហាញលោកស្រី Ovsyannikova កំពុងនៅជាមួយមេធាវីរបស់គាត់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា បន្ទាប់ពីសវនាការរបស់តុលាការ នាងត្រូវបានពិន័យជាប្រាក់ចំនួន ៣០ ០០០ rubles (ប្រហែល ២៨០ដុល្លារអាមេរិក) ។
វាមិនច្បាស់ទេថា តើលោកស្រីនឹងប្រឈមមុខនឹងការចោទប្រកាន់ដ៏ធ្ងន់ធ្ងរជាងនេះទៀត ជុំវិញការតវ៉ានេះឬយ៉ាងណា។
តុលាការបាននិយាយថា Ovsyannikova ដែលជាបុគ្គលិករបស់ Channel One ត្រូវបានគេរកឃើញថាមានទោសពីបទបំពានច្បាប់តវ៉ា។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យអាជ្ញាធររុស្ស៊ីធានាថានាង "មិនប្រឈមមុខនឹងការសងសឹកចំពោះការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់នាង" ។
យោងតាមក្រុមឃ្លាំមើលឯករាជ្យ OVD-Info បានឱ្យដឹងថា រហូតមកដល់ពេលនេះមនុស្សជាង ១៤ ០០០នាក់ត្រូវបានចាប់ខ្លួន នៅទូទាំងទីក្រុងនានាក្នុងប្រទេសរុស្ស៊ីសម្រាប់ការតវ៉ាប្រឆាំងនឹងប្រតិបត្តិការណ៍យោធាពិសេសរបស់រុស្សី។
ច្បាប់រុស្ស៊ីដែលបានអនុម័តកាលពីថ្ងៃទី៤ ខែមីនា ថាសម្រាប់អ្នកដែលធ្វើឱ្យមានសកម្មភាពជាសាធារណៈក្នុងគោលបំណងរិះគន់កងទ័ពរុស្ស៊ីដោយខុសច្បាប់ និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬ "ការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានមិនពិតដោយចេតនាអំពីការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ី" ដោយបទល្មើសនេះអាចជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ៕