សហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ ចំពោះការរំលឹកឡើងវិញនូវសិទ្ធិកុមារនៅក្នុងទិវាដ៏ថ្លៃថ្លានេះ
ភ្នំពេញ : នៅថ្ងៃអង្គារ៍ ទី០១ ខែមិថុនា ឆ្នាំ២០២១ សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរចំពោះការរំលឹកឡើងវិញនូវសិទ្ធិកុមារ។ នៅក្នុងទិវាដ៏ថ្លៃថ្លានេះ កុមារគឺជាធនធានមនុស្សដ៏ចាំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកដាក់ចំពោះកុមារគឺជាការសម្លឹងមើលការគិតគូរនិងការរៀបចំអនាគតរបស់ប្រទេស។
សហភាពសហព័ន្ធយុវជនកម្ពុជា បន្តថាក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជះឥទ្ធិពលជាអវិជ្ជមានទៅលើសុខភាព ស្ថានភាពរស់នៅនិងការអប់រំរបស់កុមារ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស បានចូលរួមចំណែកសហការតាមលទ្ធភាពរបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តវិធានការចាំបាច់នានា សំដៅកាត់បន្ថយផលប៉ះពាល់ទៅលើប្រជាពលរដ្ឋទូទៅក្នុងនោះការប៉ះពាល់ទៅលើកុមារ និងក្រុមគ្រួសារផងដែរ។
សហភាពសហព័ន្ធយុវជនកម្ពុជា បន្ថែមថានឹងបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ សិទ្ធិកុមារ គាំពារសុខុមាលភាពកុមារ ប្រឆាំងរាល់ពលកម្ម និងអំពើហិង្សាលើកុមារតាមគ្រប់រូបភាព និងសកម្មភាពនានាដែលធ្វើឡើងក្នុងន័យការពារសិទ្ធិ និងផលប្រយោជន៍របស់កុមារ ជាពិរសសនៅក្នុងបរិបទនៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕