ក្រសួងការងារប្រកាសពីការបន្តដំណើរការសម្របសម្រួលវិវាទការងារក្រុមហ៊ុនណាហ្គាវើលបន្ទាប់ពីមេដឹកនាំការតវ៉ាបង្ហាញជំហរទន់ភ្លន់
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថានឹងបន្តធ្វើការសម្របសម្រួលវិវាទការងារក្រុមហ៊ុនណាហ្គាវើល នៅថ្ងៃស្អែកទី១៦ ខែមីនាបន្តទៀត បន្ទាប់ពីមេដឹកនាំការតវ៉ាបានបង្ហាញជំហរទន់ភ្លន់សម្រាប់ការចរចារ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការងារថាខ្លួននឹងបន្តដោះស្រាយវិវាទការងារ រវាងក្រុមហ៊ុនណាហ្គាវើល និងកម្មករនិយោជិតរបស់ក្រុមហ៊ុននេះបន្តទៀត ដោយស្វាគមន៍ជានិច្ចនូវដំណោះស្រាយសន្ដិវិធីនៃវិវាទនេះ។
ក្រសួងបានមើលឃើញពីសញ្ញាវិជ្ជាមានបន្ទាប់ពីមេដឹកនាំបាតុកម្មបានបង្ហាញនូវជំហរទន់ភ្លន់ចង់ចរចារបញ្ចប់វិវាទ។
ក្រសួងការងារបានលើកឡើងថា៖ «នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកចំនួន ៨នាក់បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្នើសុំក្រសួងផ្តល់កិច្ចអន្តរាគមន៍ឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន និងធ្វើជាតំណាងរបស់កម្មករនិយោជិតក្នុងការដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើល។ តាមរយៈលិខិតស្នើសុំអន្តរាគមន៍នេះក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ ហើយក្រសួងយុត្តិធម៌បានធ្វើលិខិត អន្តរាគមន៍បន្តទៅសាលាដំបូងរាជធានីភ្នំពេញ។ ជាលទ្ធផលសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យលើនីតិវិធីច្បាប់ និងបានសម្រេចដោះលែងអតីតបុគ្គលិកចំនួន ៨រូបឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅវេលាម៉ោង ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។ ទន្ទឹមនឹងនេះតបតាមសំណើរបស់អតីតបុគ្គលិកចំនួន ៣នាក់ ដែលកំពុងជាប់ ឃុំពីបទល្មើសនឹងវិធានការសុខាភិបាល ក្រសួងក៏បានរៀបចំសំណើទៅក្រសួងយុត្តិធម៌ និងក្រសួងសុខាភិបាល ដើម្បីពិនិត្យ និងផ្តល់កិច្ចអន្តរាគមន៍ដោះលែងតាមនីតិវិធីច្បាប់»។
ដោយសារតែរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ មកលើវិស័យទេសចរណ៍ ក្រុមហ៊ុនណាហ្គាវើល បានកាត់បន្ថយបុគ្គលិកចំនួនប្រហែល ២៥% មកនៅត្រឹមជាង ៦ ០០០នាក់។
បុគ្គលិកប្រហែល ៤២% នៅជាសមាជិកសហជីព ក្នុងនោះកម្មករនិយោជិតចំនួន ៣៧៣នាក់ ដែលជាសមាជិកសហជីពបានជំទាស់នឹងគម្រោងកាត់បន្ថយបុគ្គលិក ហើយទាមទារឱ្យក្រុមហ៊ុនទទួលយកខ្លួន និងអតីតបុគ្គលិកផ្សេងទៀតចូលធ្វើការវិញរួមនឹងការទាមទារផ្សេងទៀត។
ចាប់ពីថ្ងៃទី១៨ ដល់ទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញភាគីវិវាទមកចរចាបានចំនួន ៧លើក។ គ្រប់ពេលចរចាកម្មករនិយោជិតដែលមិនសប្បាយចិត្តចំនួន ៣៧៣នាក់នោះ នៅតែបន្ត ទាមទារឱ្យក្រុមហ៊ុនត្រូវតែទទួលយកពួកគេឱ្យចូលធ្វើការវិញទើបពួកគេចេញចំណុចទាមទារបន្ថែមទៀត។
គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកចំនួន ១៥៣នាក់ ក្នុងចំណោម ៣៧៣នាក់ បានយល់ព្រមទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យអតីតបុគ្គលិកដែលមិនព្រមទទួលសំណងនៅសល់ត្រឹម ២២០នាក់៕