ព្រះសីហនុ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញអំពីតួនាទីរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាពពិភពលោកក្នុងរយៈពេល ៣០ឆ្នាំនេះកាន់តែរីកចម្រើនឡើង។ សម្ដេចក៏បានរំលឹកទៅកាន់បេសកកម្មសន្តិភាពលើកដំបូងរបស់ជប៉ុនដែលនៅពេលនោះគឺនៅឆ្នាំ១៩៩១ ដែលមិនត្រឹមតែបានស្វែងរកសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេគឺថែមទាំងជួយដល់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាផងដែរ។
ថ្លែងក្នុងជំនួបជាមួយនឹងមេបញ្ជាការ កងពលធំទី១ បោសសំអាតមីនរបស់កងស្វ័យការពារជប៉ុន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក លោក Noguchi Yasushi នៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍និងរីករាយដែលនាវារបស់កងស្វ័យការពារជប៉ុនបានចូលចតនៅប្រទេសកម្ពុជា ដែលចំខួប៣០ឆ្នាំ នៃបេសកកម្មសន្តិភាពរបស់ជប៉ុន PKO តែម្ដង។ ហើយអ្វីដែលសំខាន់ជាងនេះទៀតនោះគឺជប៉ុនបានឃើញនូវភាពជោគជ័យរបស់ខ្លួនចំពោះការស្វែងរកសន្តិភាពនៅកម្ពុជា។
ជំនួយការផ្ទាល់របស់សម្ដេចតេជោគឺ លោក អ៊ាង សុផល្លែត បានឱ្យអ្នកយកព័ត៌មានដឹងថា៖ «តាមប្រតិបត្តិការ PKO ៣០ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ បានមានប្រសាសន៍ថាសម្ដេចសង្កេតឃើញថា តួនាទីរបស់ជប៉ុនក្នុងការស្វែងរកសន្តិភាពពិភពលោកគឺកាន់តែរីកចម្រើន។ ហើយ PKO មកកាន់កម្ពុជាកន្លងមកនោះមិនត្រឹមតែជួយស្វែងរកសុខសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ។ ជាងនោះទៅទៀតគឺថែមទាំងជួយដល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាថែមទៀតផង»។
សម្ដេចតេជោថាសម្ដេចពិតជាមានមោទនភាពចំពោះប្រតិបត្តិការ PKO របស់ជប៉ុននិងលើកទឹកចិត្តដល់ប្រទេសជប៉ុនបង្កើននូវកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាជំរុញទៅដល់តំបន់ឱ្យមានសុខសន្តិភាព។
ក្នុងឱកាសនោះមេបញ្ជាការ កងពលធំទី១ បោសសំអាតមីនរបស់កងស្វ័យការពារជប៉ុន ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកលោក Noguchi Yasushi បានអរគុណជូនចំពោះ សម្ដេចតេជោ ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនឹងប្រទេសជប៉ុន ដែលបង្ហាញឲ្យឃើញនៅពេលថ្មីៗនេះគឺការទៅធ្វើទស្សនកិច្ចរបស់មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន។ លោកបានប្ដេជ្ញាចំពោះសម្ដេចតេជោថា លោកនឹងធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសុវត្ថិភាពនៅក្នុងតំបន់។
បន្ទាប់ពីមានជំនួបនេះសម្ដេចតេជោក៏អញ្ជើញ ពិសារភោជនីយអាហារជាមួយក្រុមនាវិកកងទ័ពជើងទឹកជប៉ុន នៅសណ្ឋាគារសុខាអូរតែល ខេត្តព្រះសីហនុផងដែរ។
គួរបញ្ជាក់ផងដែរថា នាវាស្វ័យការពារជប៉ុនទាំងពីរគ្រឿងមានឈ្មោះ URAGA និងនាវា HIRADO មាននាវិកសរុប ១៨០នាក់។ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi បានចូលចតនៅក្នុងកំពង់ផែខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
ការចូលចតរបស់នាវាទាំង ២គ្រឿងនេះជាការដើម្បីចូលរួមក្នុងការអបអរសាទរខួបលើកទី៣០ នៃបេសកម្មរក្សាសន្ដិភាពរបស់ប្រទេសជប៉ុនផងដែរ៕









