ភ្នំពេញ ៖ ក្នុងរយៈពេលពីរខែ ដើមឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធសម្រាប់ថវិកាជាតិបានចំនួន ២ ០៧៤,៦៦ប៊ីលានរៀល ស្មើនឹងប្រមាណជា ៥១២,២៦លានដុល្លារ មានការកើនឡើង ២២,៦៩% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថាការប្រមូលពន្ធសម្រាប់ថវិកាជាតិគឺបានមកពីប្រភេទពន្ធសំខាន់ៗ ៥ប្រភេទ មានពន្ធលើប្រាក់ចំណូល, ពន្ធលើអាករលើតម្លៃបន្ថែម, អាករពិសេស, ពន្ធលើប្រាក់បៀវត្ស និងពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។
អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងទៀតថា ការប្រមូលពន្ធបានបន្តរក្សាកំណើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០,១៥ ប៊ីលានរៀល កើនឡើង ២៣,៦១ ប៊ីលានរៀល ស្មើនឹង ១៤,១៨% អាករលើតម្លៃបន្ថែមមានចំនួន ២៥២,៧៨ ប៊ីលានរៀល កើនឡើង ១៣,២៣ ប៊ីលានរៀល ស្មើនឹង ៥,៥២%, អាករពិសេសមានចំនួន ១០៥,៦៧ ប៊ីលានរៀល កើនឡើង ១៥,៥០ ប៊ីលានរៀល ស្មើនឹង ១៧,១៩% ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨,៤២ ប៊ីលានរៀល កើនឡើង ១៨,៥១ ប៊ីលានរៀល ស្មើនឹង ២៣,១៧% និង ពន្ធប្រថាប់ត្រាលើពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣,២៣ប៊ីលានរៀល កើនឡើង ៩,១៨ ប៊ីលានរៀល ស្មើនឹង ១៦,៩៨%៕