ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជាបញ្ចប់សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ) បានបញ្ចប់ការរៀបចំសិក្ខាសាលា និងវេទិកាតុមូល ក្រោយពីបានបណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង ស្ថាប័ន និងសាធារណជន។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ អ.អ.ផ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា សិក្ខាសាលាស្ដីពីទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានរៀបចំឡើងដោយក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផល ជាក់ស្ដែងទី១១ ក្នុងគោលបំណងពង្រីកការផ្សព្វផ្សាយ និងបណ្តុះបណ្តាលលើច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងហិរញ្ញប្បទាននៃការសាយភាយអាវុធប្រល័យលោកសម្រាប់ក្រសួង ស្ថាប័ន បុគ្គល ឬអង្គភាពត្រួតពិនិត្យក្រៅពីអង្គភាពរាយការណ៍ និងសាធារណជនទូទៅ។

សិក្ខាសាលាលើកទី១ ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានអ្នកចូលរួម ១០០នាក់ ហើយសិក្ខាសាលាលើកទី២ ធ្វើឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយមានសិក្ខាកាមចូលរួមចំនួន ១៤៦នាក់ សមាជិកទាំងអស់នៃក្រុមការងារទី២ និងមន្រ្តីបុគ្គលិកនៃក្រសួង-ស្ថាប័នចំនួន ៧។ សិក្ខាសាលាទាំងពីរលើកនេះ ធ្វើឡើងក្រោមវត្តមានវាគ្មិន ដែលជាគ្រូបង្គោលចំនួន ២រូប គឺអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ អយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក ប៉ែន ពេជសាលី និងប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិលោក ផាន សុភ័ក្រ។

ក្រៅពីបទបង្ហាញរបស់វាគ្មិនកិត្តិយសទាំង ២រូបខាងលើតំណាងក្រសួងយុត្តិធម៌ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមផ្តល់ជាមតិយោបល់ និងចែករំលែកនូវព័ត៌មាន និងបទពិសោធន៍អំពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ នាកន្លងមកផងដែរ។

សិក្ខាសាលាទាំង២លើកនេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ ពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់មន្ត្រី-បុគ្គលិក នៃក្រសួង-ស្ថាប័នត្រួតពិនិត្យនានា ដែលមានតួនាទីត្រួតពិនិត្យបុគ្គលរាយការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ និងដើម្បីឆ្លើយតបនឹងអនុសាសន៍ របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (APG)។

សិក្ខាសាលាទាំង ២លើកនេះ ក៏បានពន្យល់ពីខ្លឹមសារនៃដីកា សម្រេចបង្កកទ្រព្យសម្បត្តិលេខ ១១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិ លេខ ១២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្កកទ្រព្យសម្បត្តិ របស់បុគ្គល ឬអង្គភាពដែលមានឈ្មោះក្នុងបញ្ជីផ្អែកតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង និងប្រទេសអ៉ីរ៉ង់ នាពេលកន្លងមកផងដែរ។ ដីកាសម្រេច បង្កកទ្រព្យសម្បត្តិទាំង ២ នេះជាប្រភេទ “ដីកាសម្រេចពុំមានរយៈពេលកំណត់” (Standing Order) ដែលមានសុពលភាពអនុវត្តជាអចិន្ត្រៃយ៍ លើកលែងតែត្រូវបានលុបចោលវិញដោយតុលាការ។

ចំណែកកិច្ចប្រជុំតុមូល ត្រូវបានរៀបចំឡើងដោយក្រុមការងារទី២ សហការជាមួយទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីវាគ្មិនចំនួន ៧រូប តំណាងឱ្យក្រសួងស្ថាប័នចំនួន ៥ រួមមានរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជីវ សុងហាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ លោក ប៉ែន ពេជសាលី អនុប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា លោក ង៉ែត សុវណ្ណារិទ្ធ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ លោក ផាន សុភ័ក្រ និងអនុប្រធាននាយកដ្ឋាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក សេង ម៉េងហុង ។

កម្មវិធីពិភាក្សាតុមូលនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់បុគ្គលឬអង្គភាពក្រៅពីបុគ្គល រាយការណ៍ និងសាធារណជន។ កម្មវិធីពិភាក្សាតុមូលនេះ បានលើកយកមកពិភាក្សាអំពីចំណុចសំខាន់ៗ រួមមាន នីតិវិធីនៃការស្នើសុំបង្កកទ្រព្យ នីតិវិធីនៃការស្នើសុំដកឈ្មោះចេញពីបញ្ជី និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ ការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិបង្កក និងកាតព្វកិច្ចរបស់បុគ្គលក្រៅពីបុគ្គលរាយការណ៍ ការរឹបអូសទ្រព្យសម្បត្តិបង្កក យន្តការគ្រប់គ្រង និងទោសប្បញ្ញត្តិពាក់ព័ន្ធនឹងរូបវន្តបុគ្គលនិងនីតិបុគ្គល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក