ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុបានចុះបង្រាប់ករណីចាប់ដីអនាធិបតេយ្យនៅចំណុចគីឡូលេខ១៧ ក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋប្រមាណ ២៩៥នាក់ ក្នុងនោះមាន ១០នាក់ត្រូវបានសង្ស័យថាជាមេខ្លោងញុះញង់ឱ្យមានការចូលមកចាប់ដីរដ្ឋបែបនេះ។
អភិបាលស្រុកកំពង់សីលា លោក សៅ បុរីវឌ្ឍនៈ បានឲ្យដឹងថាការចុះបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង័្សយជាមេខ្យល់បានចំនួន ១០នាក់ ដោយក្នុងនោះ ៣នាក់ជាតៃកុងឡានដឹកមនុស្សមកធ្វើសកម្មភាព។
សមត្ថកិច្ចក៏បានដកហូតបានម៉ូតូ ២គ្រឿង រថយន្តចំនួន ៤គ្រឿង និងសម្ភារមួយចំនួនទៀតដូចជា កាំបិត ពូថៅ ចបជីក កៅស៊ូ តង់ កំប៉ុងថ្នាំពណ៌សម្រាប់បាញ់។ល។ ដោយឡែកប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ត្រូវបានក្រុមការងារអប់រំណែនាំឱ្យពួកគាត់បញ្ឍប់ការទន្ទ្រានចាប់ដីរបស់រដ្ឋហើយឱ្យពួកគាត់វិលត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាង លើគណៈ បញ្ជាការឯកភាពស្រុក បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលស្រុកកំពង់សីលាសួរនាំតាមនីតិវិធី៕