សៀមរាប៖ ចាប់តាំងពីបើកទទួលទេសចរណ៍បរទេសឡើងវិញចូលខេត្តសៀមរាបតាំងពីចុងឆ្នាំ២០២១មក រហូតដល់ដំណាច់ខែកុម្ភៈ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៦ពាន់នាក់។
យោងតាមការឱ្យដឹងពីមន្ទីរព័ត៌មានខេត្តសៀមរាប ឱ្យដឹងថាក្នុងរយៈពេល៣ខែចុងក្រោយនេះជើងហោះហើរបរទេសចូលមកចុះចតនៅព្រលានយន្តហោះខេត្តសៀមរាបមានជិត៤០ជើងយន្តហោះក្នុង១ខែ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងដំណើរការហោះហើរមានចំនួន៣ រួមមានក្រុមហ៊ុន Singapore Airlines, Thai Smile និងSouthern China។
ប្រធានការិយាល័យទីក្រុងស្អាត នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក សឿង ស៊ីថា បានបង្ហាញថា ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ មកដល់ដំណាច់ខែកុម្ភ: ឆ្នាំ២០២២នេះ ភ្ញៀវបរទេសដែលធ្វើដំណើរតាមជើងយន្តហោះមានប្រមាណជាង ៦,០០០នាក់ហើយដែលបានចូលមកខេត្តសៀមរាប។
កាលពីថ្ងៃទី១០ ខែមីនា មានភ្ញៀវបរទេសមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាបទ្រង់ទ្រាយធំជាលើកដំបូងក្រោយកម្ពុជាបើកទេសចរណ៍វ៉ាក់សាំងដែលមានចំនួន៨០នាក់ ជានិស្សិតមកពីសាកលវិទ្យាល័យ INSEAD ប្រទេសសឹង្ហបុរី។
អស់រយៈពេល២ឆ្នាំហើយដែលខេត្តសៀមរាបខកខានទទួលបានភ្ញៀវទេសចរណ៍ពីបរទេសដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ទោះជាយ៉ាងណាក្រោយមានវិធានការរបស់រដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងវិធានការប្រឆាំងជំងឹកូវីដ-១៩ផ្សេងទៀតបានអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញមក។ ជើងយន្តហោះដឹកភ្ញៀវទេសចរណ៍បរទេសដំបូងបង្អស់បានត្រលប់ចូលមកខេត្តនេះវិញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមចុងឆ្នាំ២០២១ មានសណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តសៀមរាបបានបើកឡើងវិញជាបន្តបន្ទាប់ដែលមានចំនួនបន្ទប់ជិត៣ម៉ឺនបន្ទប់ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងក្នុងខេត្តទេសចរណ៍មួយនេះ៕