ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ចប់ការពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ កាលពីថ្ងៃទី១១ ខែមីនាម្សិលមិញ បន្ទាប់ពីបានចោទសួរទៅលើក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនលើការអនុវត្តការគោរពសិទ្ធិពលរដ្ឋ និងនយោបាយ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៣ ខ្លួនបានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឲ្យបកស្រាយទៅលើវិស័យមួយចំនួន ដូចជាក្របខណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចាការងារ ឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញមតិ សមាគមនិងការជួបប្រជុំលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិចជាដើម។
ក្រសួងដែលត្រូវបានគណៈកម្មាធិការសិទ្ធិមនុស្សចោទសួរនោះមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន។
ជាការឆ្លើយតប គណៈប្រតិភូកម្ពុជា បានធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ព្រមទាំងបានធ្វើការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានារបស់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការលើកស្ទួយនិងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាង ថែរក្សាបាននូវសន្តិភាពដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ។
កិច្ចប្រជុំនេះដឹកនាំដោយអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន តំណាងឱ្យប្រធានគណៈកម្មាធិការ លោក កែវ រ៉េមី ដើម្បីពិនិត្យរបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ក្នុងសម័យប្រជុំលើកទី១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី។ ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបណ្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហាសិទ្ធិមនុស្សនោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ចសន្ទនាបែបស្ថាបនា (ConstructiveDialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកា នៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅមកនូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅការងារទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្ត និងការគោរពតាមបទប្បញ្ញត្តិនៃ ICCPR នៅក្នុងរដ្ឋភាគី៕